ប្រទេសថៃ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់រាជធានីបាងកក ព្រះរាជាណាចក្រថៃ ប្រកបដោយសុវត្តិភាពហើយ ដើម្បីអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក (UN-ESCAP) ក្រោមបូលបទ «ការផ្តល់សិទ្ធអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព» ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី២៧ឧសភានេះ។
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះចតប្រកបដោយសុវត្តិភាព នៅអាកាសយានដ្ឋានអន្តរជាតិដងមឿង រាជធានៅបាងកក ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តមតំណាងក្រសួងការបរទេសថៃ ឯកឧត្តមតំណាង UN-ESCAP ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ តំណាងគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ជាច្រើនរូបទៀត។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះទៅកាន់ សន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក (UN-ESCAP) ក្រោមមូលបទ «ការផ្តល់សិទ្ធអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព»៕