ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបឡង់គ្រីស័រ មួយគ្រឿង ជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះដោយស្ត្រី២នាក់ម្ដាយ និងកូន ២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ៣ និង ០០នាទីរសៀល ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជា៤ ផ្លូវ៥០ម៉ែត្រ កែងផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះគឹម សៅរុណ អាយុ៥៨ ឆ្នាំទីលំនៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (រងរបួសធ្ងន់) រីឯម្ដាយមិនស្គាល់អត្ដសញ្ញាណនោះទេ (រងរបួសស្រាល) ។ ចំណែកអ្នកបើកបររថយន្ដមានឈ្មោះ លឹម ឆុងអ៊ុយ ភេទប្រុស អាយុ៣៣ ឆ្នាំមុខរបរ រកស៊ី ទីលំនៅភូមសួងកើត ឃុំសួង ស្រុកត្បូងឃ្មុំ ។
យោងតាមសាក្សីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញស្ដ្រី២នាក់ត្រូវជាម្ដាយ និង កូន បានជិះម៉ូតូមួយគ្រឿងម៉ាក អាយខន ពណ៌ខ្មៅលាយក្រហម ដែលពាក់ស្លាកលេខភ្នំពេញ1AD -0621 បើកបរក្នុងទិសដៅពីលិចមកកើតតាមបណ្ដោយផ្លូវបេតុងព្រៃស លុះមកដល់ចំណុចកើតហេតុខណៈដែលកំពុងជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវរថយន្ដ ឡង់គ្រីស័រ ពណ៌ស ដែលពាក់ស្លាកលេខភ្នំពេញ2AN-78 90 បើកបរដោយបុរសម្នាក់ រួមជាមួយម្ដាយម្នាក់ តាមបណ្ដោយផ្លូវ៥០ម៉ែតក្នុងទិសដៅពីត្បូង ទៅជើង ក៏ជ្រុលបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យស្ដ្រីជាកូនរងរបួសធ្ងន់ និង ម្ដាយរងរបួសស្រាល ភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្ដសាម៉ុយរបស់មណ្ឌលសុខភាពដង្កោ ដឹកយកទៅសង្គ្រោះទាំងម្ដាយ និង កូនតែម្ដង ។ បន្ទាប់ពីបង្កគ្រោះថ្នាក់ជាមួយម៉ូតូហើយនោះរថយន្ដខាងលើបម្រុងបើករត់ ប៉ុន្ដែស៊យត្រូវប្រជាពលរដ្ឋឃើញដូច្នេះក៏ជិះដេញតាមពីក្រោយរហូតជួយឃាត់រថយន្ដ និង អ្នកបើកបរបានភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះមកវាស់វែងយកម៉ូតូ និង រថយន្ដរួមទាំងអ្នកបើកបរទៅដោះស្រាយគ្នា នៅពេលក្រោយ ៕ ភារ៉ា ដង្កោ