ភ្នំពេញ៖ បុរសម្នាក់បើករថយន្តដឹកដីក្នុងល្បឿនលឿនមិនប្រយ័ត្ន បុករថយន្តកូរ៉េដឹកកម្មកររោងចក្ររុញទៅបុក និងកិនម៉ូតូបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់២នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៩ នៅជិតផ្សារអូឌឹម ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រពន្ធព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស២នាក់ជិះម៉ូតូម៉ាកហុងដា ឌ្រីម សង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AW 5566 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតដោយជិះពីមុខរថយន្តកូរ៉េដឹកកម្មកររោងចក្រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AZ 1642 ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកដី ពណ៌លឿង ពាក់ស្លាកលេខព្រះសីហនុ 3A 6937 ធ្វើដំណើរស្របគ្នាមកពីក្រោយក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុករថយន្តកូរ៉េរុញបុក និងកិនម៉ូតូដែលនៅខាងមុខបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្ត និងម៉ូតូរួមទាំងតៃកុងរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ