ខេត្តសៀមរាប៖ នៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី ២៩ ខែ ឧសភានេះ រដ្ឋបាលសាលាខេត្តសៀមរាប សហការជាមួយព្រះរាជអាជ្ញាសាលាដំបូងខេត្ត និង កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បាននាំយកជនរងគ្រោះ ជាជនជាតិ អ៊ីរ៉ង់ ទៅបង្ហាញមុខជនសង័្សយ ដែលបានឆក់កាបូប កាលពីវេលាម៉ោង ៦ និង៣០នាទី ព្រឹកថ្ងៃទី ២៦ ឧសភា ដោយធ្វើដំណើរ គ្នាពីរនាក់តាមរ៉ឺម៉ក់ម៉ូតូកង់បី ទៅតាមដងផ្លូវកូម៉ៃ ឆ្ពោះទៅកាន់អង្គរវត្ត ដែលធ្វើឲ្យធ្លាក់ពីរ៉ឺម៉ក់ បណ្តារងរបួសជាំភ្នែកខាងស្តាំ និង រលាត់ដៃជើងទៀតផង ។ ការចង្អុលបង្ហាញជនសង្ស័យនេះ បានធ្វើនៅមន្ទីរសន្តិសុខខេត្តសៀមរាប ។
ក្នុងឱកាសចង្អុលបង្ហាញមុខជនសង័្សយ ចំនួនជនសង័្សយទាំង៥នាក់ ជនរងគ្រោះបានកំណត់ជនសង័្សយ២រូប ដែលបានធ្វើសកម្មភាព ឆក់កាបូបរបស់ខ្លួន ។ តាមការបញ្ជាក់របស់ជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃព្រឹកដែលពួកគាត់ទាំងពីរនាក់ បានជិះរ៉ឺម៉ក់ម៉ូតូកង់បី ចេញពីសណ្ឋាគារមកកាន់កន្លែងលក់សំបុត្រ ដើមី្បទិញចូលទៅមើលថ្ងៃរះនៅអង្គរ វត្ត តែនៅកន្លែងលក់សំបុត្រទស្សនានោះ ភ្ញៀវទាំងឡាយដែលទិញរួច បានចេញដំណើរទៅអស់ហើយ នៅតែរូបគាត់ពីរ នាក់ប៉ុណ្ណោះ ។ ក្នុងពេលទិញសំបុត្រជនរងគ្រោះ ក៏បានចាប់អារម្មណ៍មនុស្សប្រុសពីរនាក់ ដែលតាមសង្កេតមើលមកពួក គាត់ ហើយនៅពេលទិញបានក៏បានចេញទៅកាន់រ៉ឺម៉ក់ ក៏បានឃើញជនទាំងពីរនោះ នៅកន្លែងរ៉ឺម៉ក់ផងដែរ ។ លុះចេញ ដំណើរមកអ្នករ៉ឺម៉ក់ម៉ូតូកង់បី មិនបានបើកទៅតាមផ្លូវធំទេ គឺជិះចូលតាមផ្លូវតូច ( វិថីកូម៉ៃ ) ពេលមកដល់ពាក់កណ្តាលផ្លូវ ជនទាំងពីរនោះ បានធ្វើសកម្មភាព ឆក់ទាញកាបូបរបស់គាត់ ធ្វើឲ្យមានការប្រទាញប្រទង់គ្នា រហូតគាត់ធ្លាក់ពីរ៉ឺម៉ក់ បោក ទៅនឹងផ្លូវ ធ្វើឲ្យជនសង័្សយយកកាបូបរបស់គាត់ទៅដោយសុវត្ថិភាព ។
តាមការបញ្ជាក់របស់សមត្ថកិច្ច ក្រោយពីបានទទួលពាក្យបណ្តឹង និងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុមមន្ត្រីនគរបាលជំនាញ បានចុះស្រាវជ្រាវយ៉ាងមមាញឹក និង បានឃាត់ខ្លួនបានជនសង័្សយ ចំនួន ៥នាក់ ហើយត្រូវបានធ្វើទៅតាមនីតិវិធីផ្លូវច្បាប់ ។ ក្នុងការចង្អុលបង្ហាញរបស់ជនរងគ្រោះនាពេលនោះ សមត្ថកិច្ចក៏បានបញ្ជាក់ថា ក្នុងចំណោមជនសង័្សយទាំង៥នាក់នេះ ជនសង័្សយ ២នាក់ ដែលបានឃាត់ខ្លួន នៅរសៀលថ្ងៃទី២៧ ឧសភា ដោយជនទាំងពីរនេះបានជិះម៉ូតូជាមួយគ្នា ។
ចំពោះករណីជនបរទេសរងគ្រោះដោយចោរឆក់នេះ លោកអភិបាលខេត្ត និងរ៉ាប់រងដល់ជនរងគ្រោះ លើការចំណាយ ទាំងការស្នាក់នៅ ហូបចុក និង ថ្លៃការព្យាបាលរបួស ព្រមទាំងសំបុត្រយន្តហោះទៅក្រុងបាងកកទៀតផង ។ ចំពោះរាល់សម្ភារៈក្នុងការបាត់បង់នោះ សម្ថកិច្ចជំនាញពាក់ព័ន្ធ នឹងបន្តស្រាវជ្រាវទៅតាមនីតិវិធីច្បាប់ ដើមី្បយកមកជូនដល់ជនរងគ្រោះ ។
ក្នុងនោះដែរជនរងគ្រោះ ក៏សម្តែងនូវការសោកស្តាយ ចំពោះបណ្តាគេហ៍ទំព័រមួយចំនួន ដែលបានសម្ភាស ជាមួយរូបគាត់ ហើយបានបង្ហោះផ្សព្វផ្សាយជាសាធារណៈ ដោយគ្មានបានការអនុញ្ញាតពីរូបគាត់ ដែលធ្វើឲ្យរូបគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ដែលគាត់បានលះបាំងព័ត៌មានចំពោះក្រុមគ្រួសារខ្លួន ក្នុងដំណើរកម្សាន្តមកកម្ពុជា សំខាន់នៅប្រាសាទអង្គរវត្ត ។ ម៉្យាងទៀតលោកស្រីក៏មានអារម្មណ៍ចំពោះ ស្នាកស្នាមរបួសនៅនឹងមុខរបស់ខ្លួន ដែលជា ចំណោទមួយយ៉ាងខ្លាំង ចំពោះកូនស្រី អាយុ១៤ឆ្នាំ ដែលបានកំពុងប្រឡង ធ្វើឲ្យបាត់បង់ស្មារតីរបស់កូន នៅពេល ដែលឃើញម្តាយរបស់ខ្លួនមានគ្រោះថ្នាក់ តាមរយៈគេហទំព័រនេះ ។
ក្នុងនោះលោកស្រីក៏បានថ្លែងអំណរគុណដល់ អាជ្ញាធរខេត្ត និង កម្លាំងសមត្ថកិច្ច ដែលបានខិតខំស្រាវជ្រាវស្វែងរកជនសង័្សយ ព្រមទាំងបានសំណូមពរឲ្យសមត្ថកិច្ច ជួយរកនូវរាល់ឯកសារដែលបានបាត់ទៅ សំខាន់លិខិតឆ្លងដែន និង លិខិតចេញចូលប្រទេសកាណាដា ដែលមានរយៈពេល៥ឆ្នាំទៀតផង ៕ ប៊ុនរិទ្ធី