មហាកូដកម្មប្រឆាំងរដ្ឋាភិបាលអាហ្សង់ទីន ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចប្រទេសនេះ ។ តាមការវាយតម្លៃរបស់ក្រសួងសេដ្ឋកិច្ច អាហ្សង់ទីន មហាកូដកម្ម នៅថ្ងៃទី២៩ ខែឧសភា ធ្វើឲ្យប្រទេសជាតិខាតបង់ប្រាក់ដល់ទៅ៤០ពាន់លាន ប៉ែស៊ូស (Pesos) ប្រមាណ៨០០លានដុល្លារអាមេរិក ។
ក្រុមសហជីព និងសកម្មជនសង្គមអាហ្សង់ទីន នៅព្រឹកថ្ងៃទី២៩ ខែឧសភា បានរៀបចំមហាកូដកម្ម នៅទូទាំងប្រទេស តាមការអំពាវនាវរបស់ ប្រធានសហជីព CGT ដើម្បីប្រឆាំងគោលនយោបាយ សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ខណៈសេដ្ឋកិច្ចជាតិ ធ្លាក់ចុះរយៈពេល១ឆ្នាំកន្លងមក។
នេះជាមហាកូដកម្មលើកទី៥ហើយដែលរដ្ឋាភិបាលរបស់ប្រធានាធិបតី Mauricio Macri ត្រូវប្រឈមមុខនៅក្នុងអាណត្តិរបស់លោក ក្នុងពេលបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មីនៅសល់តែ ៥ខែទៀតប៉ុណ្ណោះ ។ មហាកូដកម្មលើកនេះ បានអំពាវនាវដល់រដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ ដើម្បី ជួយឲ្យសេដ្ឋកិច្ចជាតិងើបឡើងវិញ និងជួយកាត់បន្ថយចំនួនពលរដ្ឋអត់ការងាធ្វើ ក៏ដូចជាចំនួនពលរដ្ឋក្រីក្រកើនឡើងខ្ពស់។
មហាកូដកម្មនេះ ធ្វើឲ្យប្រព័ន្ធ ចរាចរណ៍សាធារណៈ នៅទូទាំងប្រទេសត្រូវជាប់គាំងស្ទើរតែទាំងស្រុង ។ សាលារៀន ធនាគារ ហាងលក់ទំនិញធំៗ មជ្ឈមណ្ឌលពាណិជ្ជកម្មត្រូវបិទទ្វារទាំងអស់ ។ ចំណែកនៅក្នុងមន្ទីរពេទ្យវិញ ទទួលតែ អ្នកជំងឺសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ។ ជើងហោះហើររាប់រយជើង ត្រូវលុបចោល ប៉ះពាល់ដល់អ្នកដំណើរ រាប់សិបពាន់នាក់៕