ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ណែនាំឲ្យមន្រ្តីរបស់រដ្ឋបាលរាជធានីភ្នំពេញទាំងអស់ត្រូវ បំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំអោយមន្រ្តីរបស់រដ្ឋបាលរាជធានីភ្នំពេញ ទាំងអស់ត្រូវបំរើសេវា សាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគាត់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាអោយកៀកកិតជាមួយនិង ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានធ្វើការ ណែនាំបែបនេះ ខណៈលោក ចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងមុខដំណែងរបស់មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន១៦រូប នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃពុធ១១រោច ខែពិសាខ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ឧសភា ឆ្នាំ២០១៩ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ក្នុងនាមជាមន្រ្តីរាជការរបស់រដ្ឋបាលរាជធានី​ភ្នំពេញត្រូវធ្វើ​ខ្លួនអោយបានល្អ យកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យរហ័ស​ទាន់ចិត្ត ទាន់​ពេលវេលាដើម្បី​ឆ្លើយតបទៅនិងតំរូវការចាំបាច់របស់ប្រជាពលរដ្ឋ និងស្របតាមគោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញ។ មន្រ្តីរាជការស៊ីប្រាក់បៀវត្សពីរដ្ឋ ដូច្នេះត្រូវតែ បំរើប្រជាពលរដ្ឋឲ្យបានឌិតដល់ ព្រោះកាលណាផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អនិងទាន់ចិត្ត នោះ ក៏ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ តាមរយៈការទទួលបានចំណូលពន្ធចូលថវិកាជាតិ។

លោក ឃួង ស្រេង បានបញ្ញាក់ថា៖ មន្ត្រីរបស់យើងបើចង់បានតួនាទីខ្ពស់ ត្រូវប្រឹងប្រែងបំពេញការងារអោយបានល្អ ស្លៀកពាក់សមរម្យនិងគោរពពេលវេលា។ ការតែងតាំងនិងផ្ទេរតំណែងរបស់មន្ត្រីរាជការរបស់រដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ តាមឋានានុក្រមរបស់ក្រសួងមហាផ្ទៃ ពីតូចទៅធំ ។

សូមបញ្ជាក់ថា៖ មន្ត្រីរាជការ រចនាសម្ព័ន្ធសាលារាជធានីភ្នំពេញដែលត្រូវប្រកាស តាំងមុខតំណែងនិងផ្ទេរភារកិច្ចចំនួម១៦រូបនេះរួមមាន ១ លោកជិន ប៊ុនធឿនត្រូវបានតែងតាំងជានាយករងរដ្ឋបាលរាជធានីភ្នំពេញ។ ២ លោកនួន អំណាវុធ នាយកទីចាត់ការគ្រប់គ្រងសំណង់និងបរិស្ថាន។ ៣ លោក ម៉េត មាសភក្តី ជានាយកទីចាត់ការផែនការនិងវិនិយោគ ។ ៤ លោកស្រីដោ សម្ផស្សជានាយិកាទីចាត់ការរដ្ឋបាល។ ៥លោកម៉ៅ បូណែត ជាអនុប្រធានផ្នែកទទួលពាក្យបណ្ដឹងនៃការិយាល័យប្រជាពលរដ្ឋ ។ ៦ លោក ស៊ុក សង្វាពេជ្រជានាយរងទីចាត់ការរដ្ឋបាល ។ ៧ លោកតូច ពណ្ណរាយ នាយករងទីចាត់ការទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិ។ ៨ លោកអុិន អាស្នា ជានាយករងទីចាត់ការគ្រប់គ្រងសំណង់និងបរិស្ថាន ។ ៩លោកឃាង វណ្ណៈ ប្រធានការិយាល័យទំនាក់ទំនងសាធារណៈនិងពិធីការ ។ ១០ លោកសុខ សៀងហុងប្រធានការិយាល័យរបៀបនិងឯកសារ។ ១១ លោក ប៊ុន ដារ៉ាប្រធានការិយាល័យសេដ្ឋកិច្ចនិងសង្គមកិច្ច ។ ១២ លោក ឃុំ គាងប្រធានការិយាល័យគ្រប់គ្រងសំណល់។១៣ កញ្ញាខុន ខេម៉ា ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ ។ ១៤ កញ្ញា សម ស្រីលក្ខណ៍ ជាអនុប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ។ ១៥លោក ហឿន គន្ធីអនុប្រធានការិយាល័យសេដ្ឋកិច្ចនិងសង្គមកិច្ច ។ និង១៦ លោកគុណម៉ាលីន ជាអនុប្រធានការិយាល័យបច្ចេកទេសនិងត្រួតពិនិត្យផលប៉ះពាល់បរិស្ថាន ៕ សំរិត


ចែករំលែក៖