ភ្នំពេញ៖ អ្នករើស និងទិញអេតចាយម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ខណ:ដែលបុរស រូបនេះបានធ្វើសកម្មភាពចាប់ឱបស្ទាបអង្អែលប្រដាប់ភេទក្មេងស្រីម្នាក់ ប៉ងរំលោភតែមិនសម្រេច ។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីម៉ោង៤ និង៣០ល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិត្រពាំងស្វាយ ផ្លូវលេខ៩២ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើឈ្មោះ ឡឹក ជាតិ ហៅ វឹក អាយុ៣៣ឆ្នាំ មុខរបរទិញ លក់ អេតចាយ ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
មន្ត្រីប៉ូលិសសង្កាត់គោកឃ្លាង បានឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនតាមបណ្តឹងចោទប្រកាន់ពីឈ្មោះ ឡុង ធួន ភេទស្រី អាយុ៤២ឆ្នាំ ត្រូវជាម្តាយរបស់ក្មេងស្រីជនរងគ្រោះ ឈ្មោះ ធ.ល.ដ អាយុ១២ឆ្នាំ នៅចំណុចផ្ទះកើតហេតុ ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីសាកសួរដំណើររឿង នៅមុនពេលកើតហេតុ ជនសង្ស័យបានចេញពីផ្ទះជួល ស្នាក់នៅរបស់ខ្លួន នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ដោយជិះរ៉ឺម៉កម៉ូតូ ដើម្បីចេញទៅដើររើស និងទិញអេតចាយ ។ ខណ:កំពុងធ្វើដំណើរ ក៏បានមកឈប់ត្រង់ចំណុចដីឡូត៍ទំនេរមួយកន្លែង នៅផ្លូវលេខ៩២ ត្រង់ភូមិត្រពាំងស្វាយ ដើម្បីចុះមកឈឺនោម ។
នៅពេលនោមរួចជនសង្ស័យ ក៏បានដើរមកលបមើលតាមទ្វារក្រោយផ្ទះគេ នៅក្បែរនោះឃើញក្មេងស្រីជនរងគ្រោះកំពុងតែស្រាតមុជទឹក នៅក្នុងបន្ទប់ទឹក ដោយមិនបានដាក់គន្លឹះទ្វារ ។ ដោយឃើញមានសភាពស្ងាត់ ជនសង្ស័យបានចូល ទៅចាប់ស្ទាបប្រដាប់ភេទរបស់នាង ហើយដៃម្ខាងទៀតស្ទាបប្រដាប់ភេទខ្លួនឯង ។
ខណ:នោះម្តាយរបស់ក្មេងស្រីរងគ្រោះ បានចូលមកក្នុងផ្ទះគ្មានមនុស្ស ក៏ស្រែកហៅបណ្ដើរដើរមកមើលខាងក្រោយបណ្តើរ ឃើញជនសង្ស័យកំពុងលើកខោស្លៀក ហើយឃើញកូនស្រីរបស់ខ្លួនអាក្រាតកាយទៀត បានស្រែកឆោឡោចាប់ខ្លួនបុរសជនសង្ស័យ រួចហៅប៉ូលិសមូលដ្ឋាន ឲ្យមកឃាត់ខ្លួន យកទៅសួរនាំ និងបានដាក់ពាក្យបណ្ដឹងចោទប្រកាន់តែម្តង ៕ ជ្រោយពេជ្រ