ព័ត៌មានទាន់ហេតុការណ៍៖

ជិះបុករថយន្តដឹកឈើ របួសធ្ងន់ពីរនាក់ ដោយសារឈប់មិនដាក់ភ្លើងសញ្ញាសម្គាល់ត្រឹមត្រូវ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បុរស២នាក់បានរបួសធ្ងន់ធ្ងរនៅកន្លែងកើតហេតុ នៅពេលជិះម៉ូតូឌុបគ្នាពីផ្ទះចេញទៅប្រកបរបររកស៊ីទៅបុកពីក្រោយរថយន្តមួយគ្រឿងដឹកឈើពេញប្រៀប ដែលឈប់ចតនៅចិញ្ចើមផ្លូវដោយគ្មានដាក់សញ្ញាសម្គាល់ ឬភ្លើងបំភ្លឺឲ្យបានត្រឹមត្រូវ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ និង៤០នាទី ថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវក្រាលកៅស៊ូ ចំណុចឡូតិ៍កៅស៊ូ ៦៧ដេ ស្ថិតនៅភូមិ៦៧ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

តាមរបាយការណ៍នគរបាលចរាចរស្រុកត្បូងឃ្មុំបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងរវាងរថយន្ត (ដឹកឈើពេញប្រៀប) ជាមួយនឹងម៉ូតូ ។ រថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-8473 មិនស្គាល់ឈ្មោះ និងអស័យដ្ឋាន ព្រោះអ្នកបើកបរបានរត់គេចខ្លួនបាត់និងម៉ូតូ ម៉ាកស៊ុយហ្សុយគីនិច (SUZUKI nex) ពណ៌ស ពាក់ផ្លាកលេខត្បូងឃ្មុំ 1F-4209 បើកបរដោយឈ្មោះធា ចាន់នី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិជើងច្រង់ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) រួមដំណើរដោយឈ្មោះហុង ហាក់ ភេទប្រុសអាយុ១៥ឆ្នាំនៅភូមិតាប៉ាវ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ(របួសធ្ងន់)។

តាមរបាយការណ៍បញ្ជាក់ថា ចំពោះករណីខាងលើនេះបង្កឡើងដោយភាគីអ្នកបើកបររថយន្ត ខណៈឈប់រថយន្តមិនដាក់សញ្ញាសម្គាល់ត្រឹមត្រូវតាមច្បាប់ចរាចរណ៍ ទើបបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សរបួសធ្ងន់ធ្ងរបែបនេះ និងម៉ូតូខូចខាតកម្រិតធ្ងន់ ។ ករណីនេះសមត្ថកិច្ចកំពុង ស្រាវជ្រាវម្ចាស់រថយន្តដើម្បីដោះស្រាយជាមួយជនរងគ្រោះតាមច្បាប់ ៕ វណ្ណៈ


ចែករំលែក៖