ខេត្តកណ្តាល៖ ត្រឹមរយះពេលមួយថ្ងៃសោះ កម្លាំងអាវុធហត្ថខេត្តកណ្តាលបានស្រាវជ្រាវ ឈានទៅដល់វែកមុខជនសង្ស័យដៃដល់ ចាក់ប្រហារបុរសម្នាក់របួសធ្ងន់ ដោយសារតែរឿងប្រចណ្ឌ ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំស្ថិតក្នុងភូមិករគោ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល និងឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សាវន ជីវន្ត័ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅភូមិកោះកបាយ ឃំុសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះជួប កុងតាំង ហៅក្រៅ រ៉ានី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិព្រៃសម្បុក ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលបានប្រាប់ភ្នាក់ងារកាសែតនគរវត្តបានឲ្យដឹងថា ដោយអនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តការ ដឹកនាំដ៏មានប្រសិទ្ធភាពរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ។
លោកបានបន្តទៀតថា នៅមុនពេលកើតហេតុខាងលើ ជនសង្ស័យបានជិះម៉ូតូម្នាក់ឯងចូលទៅទិញកូនកាំបិត០១ដើម ដាក់ជាប់ខ្លួនក្នុងបំណងចាក់សម្លាប់ឈ្មោះ សាវន ជីវន្ត័(ជនរងគ្រោះ)នៅវេលាម៉ោង១៨ជាង ប៉ុន្តែពេលទៅដល់ផ្ទះមិនជួបជនរងគ្រោះ រួចក៏ជិះម៉ូតូមើលតាមផ្លូវ ព្រោះជនរងគ្រោះធ្លាប់ជិះទៅយកប្រពន្ធរាល់ថ្ងៃ ។ ប៉ុន្តែពេលជិះទៅមិនបានឃើញជនរងគ្រោះឡើយ បានជួបឈ្មោះ វិុត បូផា ដែលជាប្រពន្ធជនរងគ្រោះ (ជនសង្ស័យធ្លាប់តាមស្រឡាញ់)រូបនាង ក៏មិនបាននិយាយស្តី និងជនសង្ស័យដែរ ភ្លាមនោះនាងបានតេហៅប្តីអោយមក លុះប្តី(ជនរងគ្រោះ)មកបានដល់កន្លែងកើតហេតុ ជនសង្ស័យបានទាញកាំបិតចុងស្រួចចាក់មកលើជនរងគ្រោះ ដោយមិនបានជជែកគ្នាឡើយ ហើយជនសង្ស័យបានរត់គេចខ្លួន ។
ក្រោយកើតហេតុ សម្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល ជំនាញបានចុះស្រាវជ្រាវដោយឆន្ទៈយកចិត្តទុកដាក់ខ្ពស់ ឈានដល់ចុះឃាត់ខ្លួនជនសង្ស័យនៅថ្ងៃ៣១ ខែឧសភា ឆ្នាំ២០១៩ ។
នៅចំពោះមុខសមត្ថកិច្ច ជនស្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើកាំបិតចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបន្តនីតិវិធី ៕ ឆ ដា