ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តកណ្តាល បំបែកសំណុំរឿងឃាតកម្ម ចាក់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់បានហើយ

ចែករំលែក៖

ខេត្តកណ្តាល៖ ត្រឹមរយះពេលមួយថ្ងៃសោះ កម្លាំងអាវុធហត្ថខេត្តកណ្តាលបានស្រាវជ្រាវ ឈានទៅដល់វែកមុខជនសង្ស័យដៃដល់ ចាក់ប្រហារបុរសម្នាក់របួសធ្ងន់ ដោយសារតែរឿងប្រចណ្ឌ ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០១៩ នៅចំណុចផ្លូវលំស្ថិតក្នុងភូមិករគោ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល និងឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី៣១ ​ខែឧសភា​ ឆ្នាំ២០១៩ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ​ សាវ​ន​ ជីវន្ត័ ភេទប្រុស អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរបើកបរ ស្នាក់នៅភូមិកោះកបាយ ឃំុសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ​ជួប​ កុងតាំង ហៅក្រៅ​ រ៉ានី​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរជាងជួសជុលរថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិព្រៃសម្បុក ឃុំព្នាយ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ ។

លោកឧត្តមសេនីយ៍ត្រី​ សំ​ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលបានប្រាប់ភ្នាក់ងារកាសែតនគរវត្តបានឲ្យដឹងថា​​ ដោយអនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តការ​ ដឹកនាំដ៏មានប្រសិទ្ធភាពរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ។

លោកបានបន្តទៀតថា នៅមុនពេលកើតហេតុខាងលើ ជនសង្ស័យបានជិះម៉ូតូម្នាក់ឯងចូលទៅទិញកូនកាំបិត០១ដើម ដាក់ជាប់ខ្លួនក្នុងបំណងចាក់សម្លាប់ឈ្មោះ សាវ​ន​ ជីវន្ត័(ជនរងគ្រោះ)នៅវេលាម៉ោង១៨ជាង ប៉ុន្តែពេលទៅដល់ផ្ទះមិនជួបជនរងគ្រោះ រួចក៏ជិះម៉ូតូមើលតាមផ្លូវ ព្រោះជនរងគ្រោះធ្លាប់ជិះទៅយកប្រពន្ធរាល់ថ្ងៃ ។ ប៉ុន្តែពេលជិះទៅមិនបានឃើញជនរងគ្រោះឡើយ បានជួបឈ្មោះ វិុត​ បូផា ដែលជាប្រពន្ធជនរងគ្រោះ (ជនសង្ស័យធ្លាប់តាមស្រឡាញ់)​រូបនាង ក៏មិនបាននិយាយស្តី​ និងជនសង្ស័យដែរ ភ្លាមនោះនាងបានតេហៅប្តីអោយមក លុះប្តី(ជនរងគ្រោះ)​មកបានដល់កន្លែងកើតហេតុ ជនសង្ស័យបានទាញកាំបិតចុងស្រួចចាក់មកលើជនរងគ្រោះ ដោយមិនបានជជែកគ្នាឡើយ ហើយជនសង្ស័យបានរត់គេចខ្លួន ។

ក្រោយកើតហេតុ សម្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ។

ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ សំ​ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្តកណ្តាល​ ជំនាញបានចុះស្រាវជ្រាវ​ដោយឆន្ទៈយកចិត្តទុកដាក់ខ្ពស់ ឈានដល់​ចុះឃាត់ខ្លួនជនសង្ស័យនៅថ្ងៃ៣១ ខែឧសភា​ ឆ្នាំ២០១៩ ។

នៅចំពោះមុខសមត្ថកិច្ច ជនស្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើកាំបិតចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួន និងកំពុងកសាងសំណុំរឿង​បន្តនីតិវិធី ៕ ឆ ដា


ចែករំលែក៖