អាមេរិកបានធ្វើ «សង្គ្រាម» ទៅលើ៣៦ប្រទេស ជុំវិញពិភពលោក ក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ ។ នៅចុងខែឧសភានេះ ជាថ្ងៃ រវល់បំផុតរបស់មន្ត្រីអាមេរិក ក្នុងពេលដែលទីក្រុងវ៉ាស៊ីនតោន បានព្រមាន គំរាមកំហែង បណ្តាប្រទេសជុំវិញពិភពលោក។
ក្នុងចំណោមប្រទេស ដែលអាមេរិក «វាយប្រហារ» ម៉ិចស៊ីកូគឺជាប្រទេសចុងក្រោយនៅក្នុងខែឧសភានេះដែលអាមេរិកបានដាក់ទណ្ឌកម្ម ។ កាលពីចុងខែឧសភា លោកត្រាំបានប្រកាសដំឡើងពន្ធ៥ភាគរយទៅលើទំនិញនាំចូលពីប្រទេសម៉ិចស៊ីកូ ។ ការដំឡើងពន្ធ ៥ភាគរយគ្រាន់តែជាការចាប់ផ្តើម ដោយអាមេរិកមានគម្រោង ដំឡើងពន្ធ ២៥ភាគរយដល់ម៉ិចស៊ីកូផងដែរ ប្រសិនបើប្រទេសនេះ មិនអាចទប់ស្កាត់ជនអន្តោប្រវេសន៍ ខុសច្បាប់ចូលអាមេរិក។
កាលពីថ្ងៃទី៣០ ខែឧសភា ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានសម្រេចប្រើមធ្យោបាយធំៗ ប្រឆាំងម៉ិកស៊ិក ដោយចោទប្រកាន់ប្រទេសនោះថា ទន់ជ្រាយ លើសំណុំរឿងអន្ដោប្រវេសន៍លួចលាក់ ដោយចាប់ពីថ្ងៃទី១០ មិថុនា ទៅលោកនឹងយកពន្ធគយលើបណ្ដាផលិតផលមកពីម៉ិកស៊ិកជិតខាង ។
ប្រធានាធិបតីម៉ិកស៊ិកលោក ANDRES MANUEL LOPEZ OBRADOR ក្នុងសារលិខិតមួយច្បាប់ផ្ញើជូនលោកត្រាំ បានស្នើចរចា ដោយលោកថា ខ្ញុំចង់ជំរាបលោកថា ខ្ញុំពុំចង់បានការប្រឈមមុខដាក់គ្នាឡើយ ខ្ញុំស្នើចរចាដោយស៊ីជម្រៅ ស្វែងរកច្រកចេញនានា ចំពោះបញ្ហាអន្តោប្រវេសន៍ ។
នៅមុខក្រុមអ្នកកាសែតលោក ត្រាំ ពោលថា យើងនឹងធ្វើអ្វីដែលពិតជាគួរឲ្យភ្ញាក់ផ្អើលស្ដីពីព្រំដែន។ សមាជិកមួយចំនួននៃរដ្ឋាភិបាលរបស់លោកត្រាំ បានប្រឆាំងនឹងការយកពន្ធគយជាអាវុធមួយរបស់លោក លើបណ្ដាផលិតផលម៉ិកស៊ិក ដោយខ្លាចការសម្រេចនេះ រាំងស្ទះដល់ដំណើរការ នៃការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងផ្លាស់ប្ដូរសេរី រវាងអាមេរិក ម៉ិកស៊ិក និងកាណាដា ។
ក្រៅពីម៉ិចស៊ីកូ ឥណ្ឌា ក៏ត្រូវប្រឈមមុខ នឹងជំរើសដ៏លំបាកបំផុត ក្រោយអាមេរិកដាក់គំនាប ឲ្យបោះបង់ការទិញមីស៊ីល S-400 ពីរុស្ស៊ី ។ ក្រៅពីនេះ នៅមានប្រទេសតួកគី ក៏បានរងសម្ពាធពីអាមេរិកឲ្យបោះបង់ ការទិញអាវុធពីរុស្ស៊ី ។
ប្រទេសជាសត្រូវ អាមេរិក និងប្រទេសជាសម្ពន្ធមិត្តផងដែរ រងការវាយប្រហារ ពីអាមេរិក ក្នុងនោះមាន វេណេហ្ស៊ុយអេឡា និង៣២ប្រទេសផ្សេងទៀត មានតំបន់អឺរ៉ុប២៨ប្រទេស ៕