ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសហគមន៍ បញ្ជាឲ្យពលរដ្ឋ៥ភូមិ មករុះរើ ផ្ទះពលរដ្ឋខូចខាត អស់ជាង៤០ខ្នង ដោយចោទថា សង់លើដីសហគមន៍

ចែករំលែក៖

ប៉ោយប៉ែត៖ ផ្ទះពលរដ្ឋប្រហែល៤៣ខ្នង ផ្ទះទំហំ៥ម៉ែត្រគុណនឹង៤ម៉ែត្រ ធ្វើអំពីឈើ ប្រក់ ស័ង្កសី ត្រូវប្រធានសហគមន៍លោក សាន់ ស៊ីម បានបញ្ជាឲ្យពលរដ្ឋប្រមាណជិត២០០នាក់ មកពី៥ភូមិ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រុះរើធ្វើឲ្យពលរដ្ឋអត់ជម្រក កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុច៦៧១ ឋិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ក្នុងសកម្មភាពខាងលើនោះ គេឃើញមានសមត្ថកិច្ច និងប្រជាការពារភូមិចុះមកមើលដើម្បីការពារសុវត្ថិភាព និងបញ្ចៀសអំពើហិង្សាផងដែរ ។

ប្រតិបត្តិការចុះរុះរើផ្ទះពលរដ្ឋ ក្រោមការបញ្ជារបស់ប្រធានសហគមន៍ខាងលើនោះ គេឃើញពលរដ្ឋប្រដាប់ដោយកាំបិត ពូថៅ និងដំបងផងដែរ ។

លោកសាន់ ស៊ីម ប្រធានសហគមន៍បានបញ្ជាក់ថា ពលរដ្ឋដែលក្រុមពួកគាត់ចុះរុះរើផ្ទះនោះ បានមកសាងស់ង់ផ្ទះលើដីសហគមន៍ របស់ពួកគាត់ ដែលមានទំហំក្បាលដី ទទឹង១ពាន់ម៉ែត្រ ជម្រៅ៥ពាន់ម៉ែត្រ ស្មើ៥០០ហិតា ។

លោកបន្តថា ដោយការចុះរុះរើផ្ទះរបស់ពលរដ្ឋនោះថា លោកមិនបានខ្វល់អំពីការឯកភាព ឬមិនឯកភាពពីអាជ្ញាធរនោះទេ ព្រោះថាដីសហគមន៍ ហេតុអ្វីក្រុមពលរដ្ឋទាំងនោះមកធ្វើផ្ទះនៅ តែលោកថា លោកបានតែងតាំងពីអភិបាលខេត្ត ត្រឹមត្រូវឲ្យធ្វើជាប្រធានសហគមន៍ខាងលើនេះ ។

ករណីរះរើផ្ទះពលរដ្ឋអស់ជាង៤០ខ្នងនេះ លោក ហឹម យឿន តំណាងពលរដ្ឋបញ្ជាក់ថា ផ្ទះដែលពលរដ្ឋធ្វើនេះ មិនប៉ះពាល់ដីសហគមន៍ ដែលលោក សាន់ ស៊ីម ជាប្រធានសហគមន៍ទេ ។

លោកបន្តថា ការចុះរុះរើរបស់ក្រុមប្រជាសហគមន៍នេះ មិនមានឯកសារលាយល័ក្ខណ៍អក្សរជូនដំណឹងជាមុន ឬជួបពិភាក្សាជាមួយក្រុមការងារលោកឡើយ ហើយថា ដីព្រៃសហគមន៍ មានបង្គោលព្រំត្រឹមត្រូវ ពីជ្រុងមួយទៅជ្រុងមួយ ។

តំណាងពលរដ្ឋរូបនេះប្រាប់ថា លោក នឹងប្តឹងតវ៉ាទៅថ្នាក់លើដើម្បីទាមទាររកយុត្តិធម៌ជូនម្ចាស់លំនៅឋានទាំងអស់ ។

មិនតែប៉ុណ្ណោះ លោកថាបើទីតាំងកើតហេតុ ជាដីព្រៃសហគមន៍ ហេតុអ្វីមានគេលក់ដូរបានដោយអាជ្ញាធរ ចុះហត្ថលេខាលើ ឯកសាទិញ លក់ ហើយលោកមានឯកសារនោះ​ក្នុងដៃរួចហើយ ។

លោក ហ៊ឹម យឺន បញ្ជាក់ថា ដីចំណុច 671 និងបឹងជម្រក ជាដីរបស់អតីតយោធិនពលី ពិការ មានចំនួន631ហិកតា ធ្លាប់មានទំនាស់ប្តឹងផ្តល់គ្នាយូរឆ្នាំមកហើយ ជាមួយក្រុមហ៊ុនមួយរហូតមានចំណារជាបន្តបន្ទាប់ពីទីស្តីការគណៈរដ្ឋមន្ត្រី/រដ្ឋសភា និងក្រសួងមហាផ្ទៃ ប៉ុន្តែ សជណ របស់ថ្នាក់លើ ជាប់គាំងតាំងពីឆ្នាំ2011 មកទល់ពេលនេះ ។

បញ្ហារុះរើសំណង់អនាធិបតេយ្យរបស់ប្រជាសហគមន៍ជារឿងត្រឹមត្រូវ ព្រោះបើទុកវាអាចទៅជាចលនាបំផុសដីធ្លីឈ្នះបានដី ចាញ់បានលុយ ។

លោកបន្តថា លោកខិតខំប្រឹងបង្រួមទំនាស់ហត់នឿយចង់ជ្រុះសក់ទៅហើយ ៗថា សំណង់ទាំងអស់ជាសំណង់អនាធិបតេយ្យមិនដឹងថា ម្ចាស់សំណង់មកពីណា? អាជ្ញាធរ និងគណៈកម្មការណាបែងចែកដីឲ្យ? ។ មិនតែប៉ុណ្ណោះ លោកបញ្ជាក់ថា សម័យនេះអ្នកណាមានដីចែកទៀត? លោកថា កន្លងមក ឮក្រុមមួយអះអាងថា មានចំណារពីថ្នាក់លើប្រគល់ដីឲ្យពលរដ្ឋ ប៉ុន្តែពេលអាជ្ញាធរសុំមើលឯកសារ បែរជាមិនដែលឃើញមានសោះ ។

ប្រភពចុងក្រោយនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ មកថា លោក សាន់ ស៊ីម ប្រធានសហគមន៍ ដែលបញ្ជាឲ្យពលរដ្ឋមករុះរើផ្ទះនោះ បានឲ្យតំណាងមកហៅតំណាងពលរដ្ឋលោក ហ៊ឹម យឺន ដែលរងការខាត់បង់ផ្ទះទៅចរចា តែតំណាងពលរដ្ឋខាត់បង់ផ្ទះមិនព្រម ៕ នីមវណ្ណា


ចែករំលែក៖