ព័ត៌មានទាន់ហេតុការណ៍៖

រឿង​ផ្កាយ​១​ ស្រេង​ សុខា​ ស្នងការ​រង​នគរបាល​ខេត្ត​កណ្ដាល​ សំញែង​ទ្រព្យសម្បត្តិ​យ៉ាង​សន្ធឹកសន្ធាប់​ ,​ ​ច្រើន​ខែ​ហើយ​ ACU ពុំ​ទាន់​ប្រកាស​លទ្ធផល​

ចែករំលែក៖

ភ្នំពេញ​៖ ​រហូត​មក​ទល់​ពេល​នេះ​ មាន​រយៈពេល​ជាច្រើន​ខែមក​ហើយ​ ដែលអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ហៅកាត់ថា​ ACU នៅ​ពុំ​ទាន់​ប្រកាស​លទ្ធផល​ករណី​លោក​ឧត្ដមសេនីយ៍​ត្រី​ ស្រេង​ សុខា​ ស្នងការ​រង​នគរបាល​ខេត្ត​កណ្ដាល​ ដែល​សំញែង​ទ្រព្យសម្បត្តិ​យ៉ាង​សន្ធឹកសន្ធាប់​ នៅ​ឡើយទេ​ ។

កន្លងមក​ ACU ធ្លាប់​បាន​ប្រកាស​ថា”ករណី​លោក​ស្នងការ​រង​ ឧត្ដមសេនីយ៍​ ស្រេង​ សុខា​ ក្រុម​ការងារ​ស៊ើប​អង្កេត​អាច​នឹង​ធ្វើ​ការ​សន្និដ្ឋាន​នៅ​ដំណាច់​ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ”។​ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ នៅ​ពុំទាន់​ឃើញ​ ACU ប្រកាស​លទ្ធផល​រឿង​លោក​ ស្រេង​ សុខា​ នៅ​ឡើយទេ​ ។

នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​ ស្តីពី​កិច្ចប្រជុំ​លើក​ទី៤៤​ អាណត្តិ​ទី​២​ នៃ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ ។

មជ្ឈដ្ឋាន​ជាច្រើន​ កំពុង​រង់ចាំ​លទ្ធផល​ថា​ តើ​ករណី​លោក​ឧត្ដមសេនីយ៍​ត្រី​ ស្រេង​ សុខា​ នឹង​ត្រូវ​ ACU បើក​ការ​ស៊ើប​អង្កេត​ ដែរឬទេ​ ? ។

ក្នុង​ករណី​ ACU បើក​ការ​ស៊ើប​អង្កេត​ មានន័យ​ថា​ លោក​ស្រេង​ សុខា​ មាន​តម្រុយ​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ដែល​នឹង​បន្ត​ការ​ស្រាវជ្រាវ​ទៀត​ ។ ប៉ុន្តែ​ប្រសិន​បើ​ រកឃើញ​ថា​ ករណី​លោក​ស្រេង​ សុខា​ គ្មាន​តម្រុយ​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទេ​ ,​ ACU នឹង​មិន​បើក​ការ​ស៊ើប​អង្កេត​ឡើយ​ ។

រយៈពេល​ចុងក្រោយ​នេះ​ ឃើញ​ថា​ មាន​មន្ត្រី​ជាច្រើន​រូប​មក​ហើយ​ ដែល​បាន​សំញែង​ទ្រព្យសម្បត្តិ​ជា​សាធារណៈ​ ដែល​គេ​សង្ស័យ​ថា​ អាច​កើត​ចេញ​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ មាន​ជា​អាទិ៍​លោក​ឧត្ដមសេនីយ៍​ត្រី​ គឹម​ រស្មី​ អតីត​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​រតនគិរី​ ដែល​ត្រូវ​បាន​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ប្រើ​អភិក្រម​ទី៥”វះកាត់​”។

បន្ទាប់​មក​ មាន​អភិបាល​រង​ខេត្ត​ព្រះសីហនុ​២រូប​ ដែល​ពលរដ្ឋ​ក្តៅ​ក្រហាយ​ជាយូរមកហើយ​ ពាក់ព័ន្ធ​បញ្ហា​ដីធ្លី​ ក្នុង​ខេត្ត​ដ៏​មាន​សក្តានុពល​មួយ​នេះ​ ក៏​ត្រូវ​សម្តេច​តេជោ​ ដក​ចេញ​ពី​តំណែង​ដែរ ។

ក្រឡេក​មើល​ ករណី​លោក​ឧត្ដមសេនីយ៍​ត្រី​ ស្រេង​ សុខា​ ស្នងការ​រង​នគរបាល​ខេត្ត​កណ្ដាល​ វិញ​ កើត​ឡើង​ដោយសារ​តែលោក​បាន​ភ្ជាប់​ពាក្យ​ជាមួយ​នារី​ស្រស់​ស្អាត​ម្នាក់​ ដោយ​បង្គាប់​ថ្លៃ​ទឹក​ដោះ​រហូត​ដល់​១០ម៉ឺន​ដុល្លារ​អាមេរិក​ និង​ ឡាន​ទំនើប​ឡិចស៊ីស​៥៧០មួយ​គ្រឿង​ ព្រម​គ្រឿង​អលង្ការ​ជាច្រើន​ទៀត​ ។

មជ្ឈដ្ឋាន​ជាច្រើន​ សង្ស័យ​ថា​ ការ​ដែល​លោក​ស្រេង​ សុខា​ ត្រឹម​ឋានៈ​ជា​ស្នងការ​រង​នគរបាល​ខេត្ត​កណ្ដាល​ មាន​ទ្រព្យសម្បត្តិ​សន្ធឹកសន្ធាប់​បែបនេះ​ ទើប​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ សម្រេច​ស្រាវជ្រាវ​បឋម​តែម្តង​ ៕ចេស្តា


ចែករំលែក៖