ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីគយច្រកតំបន់ម៉ាឡៃ រងការរិះគន់ ពីសំណាក់ពលរដ្ឋថា កំពុងអង្គុយរាប់រទេះដឹកទំនិញ ចូលពីទឹកដីថៃយកលុយ មិនត្រួតពិនិត្យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋមួយចំនួនកំពុង តែមានការរិះគន់ទៅលើមន្ត្រីគយប្រចាំច្រកតំបន់ម៉ាឡៃខេត្តបន្ទាយមានជ័យយ៉ាងចាស់ដៃ បន្ទាប់ពីភាគីថៃ រិតបន្តឹងនូវផលិតផលសាច់ គ្រប់ប្រភេទ រាប់ទាំងប្រហុក, សាច់ក្រក និងផលិតផល ធ្វើអំពីសាច់ជាដើម ដោយពួកគាត់លើកឡើងថា ទំនិញនាំចូលពីប្រទេសថៃ ដឹកតាមទេះ ចូលមកតាមច្រកតំបន់ខាងលើ គ្មានការត្រួតពិនិត្យពីសំណាក់មន្ត្រីគយ អង្គុយរង់ចាំរាប់ក្បាលរទេះ និងក្បាលរថយន្តថៃបង់ប្រាក់តែប៉ុណ្ណោះ ហើយនៅក្នុងមួយថ្ងៃ ក្រុមកម្មករអូសរទេះស៊ីឈ្នួល ដឹកទំនិញឲ្យក្រុមឈ្មួញបានដោយយ៉ាងរលូនឆ្លងកាត់បារ៉ាសគយ ដោយរទេះទាំងនោះ ដឹកទំនិញគ្រប់ប្រភេ ទដូចជាស្បែកជើង ស្រាបៀរ សាបូ, ជី, សាច់ជ្រូក, គ្រឿងក្នុងជ្រូកជាដើម ។ ល ។

ប្រភពបង្ហើបថា រាល់ការនាំទំនិញពីប្រទេថៃ ចូលមកកម្ពុជា ដែលទំនិញមួយចំនួនជាប្រភេទ ទំនិញរបស់ក្រុមហ៊ុននាំចូលផ្ដាច់មុខ តែត្រូវក្រុមឈ្មួញត្រូវរ៉ូវគ្នាបន្លំកេងប្រវ័ញ្ចពន្ធរដ្ឋតាមរយៈឃុបឃិតគ្នាជាមួយក្រុមឈ្មួញរកស៊ីប្រចាំថ្ងៃ ។

គេបានសង្កេតឃើញថា ការនាំចូលមកដោយគ្មានការត្រួតពិនិត្យតាមរទេះទំនិញបែបនេះ ប្រឈមទៅ នឹងហានិភ័យខ្ពស់ផងដែរ នូវកត្តាផ្សេងៗ ដែលអាចកើតមានតាមរយៈការបង្កប់ នៅបាតរទេះក្រុមឈ្មួញ ជាពិសេសគ្រឿងបន្លាស់រថយន្ត និងគ្រឿងបន្លាស់ម៉ូតូជាដើម ។ ល ។ ទោះយ៉ាងណា គេមើលឃើញថា ភាពកម្សោយរបស់មន្ត្រីគយប្រចាំច្រកខាងលើ អង្គុយចាំពិនិត្យទំនិញនៅមានកម្រិត ។

ប្រភពបង្ហើបថា កន្លងមកក៏មាននាំចូលរថយន្តចង្កូតស្ដាំ ឬម៉ូតូគេចពន្ធជាដើម ។ ភាពមិនប្រក្រតី ក្នុងការអនុវត្ត តួនាទី ភារកិច្ច ពាក់ព័ន្ធនឹងអំពើពុករលួយ តាមរយៈបង្ខំឲ្យឈ្មួញបង់លុយ ជាក្បាលឡាន និងក្រុមហ៊ុនដឹកជញ្ជូនបង់ជាខែ ជាក្បាលឡាន និងឃុបឃិតជាមួយឈ្មួញដឹកទំនិញបង្កប់តាមរទេះ កាន់តែរីកសុះសាយនូវការប្រព្រឹត្តដោយមន្ត្រីគយប្រចាំច្រកតំបន់ម៉ាឡៃ ។

ករណីនេះ លោកហួយ ហាត មេរងស្នាក់ការគយប្រចាំច្រកតំបន់ម៉ាឡៃប្រាប់តាមទូរស័ព្ទថាចំពោះទំនិញនាំចូលពីប្រទេសថៃនោះ គឺបានពិនិត្យត្រឹមត្រូវ និងបិទតែម បើមិនត្រួតពិនិត្យទេ លោកថា ការបង់ពន្ធមិនត្រឹមត្រូវ ។ លោកបន្តថា មិនបានធូរលុងនោះទេ ដោយទំនិញទាំនោះ យកទៅដាក់ត្រួតពិនិត្យនៅផែ ។ លោកថាទំនិញដែលហាមឃាត់ខាងភាគីថៃ និងភាគីកម្ពុជា មិនឲ្យនាំចូលនោះទេ ដោយខ្លាចប៉ះពាល់សុខភាពពលរដ្ឋ ទំនិញដែលមិនប៉ះពាល់ដល់ពលរដ្ឋ ទើបឲ្យនាំចូល ។

ទោះការលើកឡើងបែបនេះក៏ដោយ ពលរដ្ឋនៅតែបញ្ជាក់ថា មុខទំនិញនាំចូលទាំងនោះ មន្ត្រីគយមិនដែលពិនិត្យដូចសំដីលើកឡើងនោះទេ គឺដឹកចូលទៅចែកចាយតាមទីផ្សារ ក្នុងស្រុកយ៉ាងងាយតែម្ដង ៕ នីមវណ្ណា


ចែករំលែក៖