ខេត្តសៀមរាប៖ កូនខ្មែរបង្ហាញពីភាពជោគជ័យលើពិភពលោក នាំមកនូវមោទនភាពជាតិក្រោមដំបូលសន្តិភាពដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីជាការលើកទឹកចិត្តដល់កូនខ្មែរមានថ្វីដៃលោកពិភពលោក អាជ្ញាធរខេត្តសៀមរាបបានធ្វើពិធីដង្ហែពានមាស ជ័យលាភីលេខ១ ដែលសមាគមចុងភៅកម្ពុជាដណ្តើមបានពីប្រកួតស្នាដៃចុងភៅឆ្នើមក្នុងកម្មវិធី Best Asian Gourmet Challenge នៅប្រទេសថៃ កាលពីថ្ងៃទី០១ ខែមិថុនាកន្លងទៅ ។
មន្ត្រីសាលាខេត្តបានឲ្យដឹងថា៖ ពិធីដង្ហែនេះ ធ្វើដំណើរទៅតាមផ្លូវសំខាន់ៗនៅក្នុងក្រុងសៀមរាបដើម្បីបង្ហាញនូវក្តី មោទនភាពក្រៃលែង ចំពោះការនាំមកនូវកិត្តិយស និងមោទនភាពជាតិរបស់សមាគមចុងភៅកម្ពុជាដែលបានទទួលពានជ័យលាភី និងមេដាយគ្រប់កម្រិតថ្នាក់ជាច្រើនទៀត ក្នុងការប្រឡងប្រកួតប្រជែងរសជាតិម្ហូបអាស៊ី ( Best Asian Gourmet Challenge ) នៅទីក្រុងបាងកក ប្រទេសថៃ កាលពីពេលកន្លងមកថ្មីៗនេះ ។
លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកពិតជាថ្នាក់ដឹកមួយរូប ដែលបានបង្ហាញនូវមោទនភាព នៅក្នុងឱកាសដែលលោកជួបជាមួយសមាគមចុងភៅមុននឹងធ្វើការដង្ហែ និងបានថ្លែងនូវការកោតសរសើរ ចំពោះសមាគមចុងភៅកម្ពុជា ដែលបានជ្រើសរើសយកម្ហូប ខ្មែរពិសេសៗចំនួន១០មុខ ទៅចូលរួមក្នុងការប្រកួតនោះ ។ ម្យ៉ាងទៀតមហាប្រជាពលរដ្ឋរំភើបចិត្តឥតឧបមានូវស្នាដៃកូនខ្មែរ អាចធ្វើបាននាំមកជោគជ័យ មុខមាត់ប្រទេសជាតិ ។
ពិធីលោក ទៀ សីហា បានបញ្ជាក់ថា អ្វីដែលត្រូវ បានទទួលជ័យលាភីនេះ វាមិនត្រឹមតែកើតចេញពីទេពកោសល្យជំនាញវិជ្ជាជីវៈ ជាអ្នកធ្វើម្ហូបប៉ុណ្ណោះទេ តែការជ្រើសរើសមុខម្ហូបវាក៏ ជាចំណែកនៃការទទួលបានពិន្ទុល្អ នោះផងដែរ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ជ័យលាភីនេះគឺសំដៅទៅលើរសជាតិនៃម្ហូបខ្មែរ ក្រោមការចម្អិនផ្សំរសជាតិ ដោយអ្នកជំនាញធ្វើម្ហូបរបស់សមាគមចុងភៅកម្ពុជា ។
លោកអភិបាលខេត្តវ័យក្មេង ក៏បានគូសបញ្ជាក់ថា៖ កន្លងទៅនេះសមាគមចុងភៅកម្ពុជាបានជួយ លើកកិត្តិយស ជាតិជាច្រើនដូចជាកាលព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៤ ដែលជាឆ្នាំទី២ នៃការបង្កើតព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមស្នាដៃផលិតដោយសមាគមចុងភៅកម្ពុជា នំអន្សមយក្ស ត្រូវបានចុះក្នុងបញ្ជីកំណត់ត្រាឯកទគ្គកម្មពិភពលោក ។
សារព័ត៌មាន គេហទំព័រជាច្រើនក៏បានផ្សព្វផ្សាយករណីនេះដ៏ព្រោងព្រាត ដោយលើកឡើងថា៖ ចុងភៅកម្ពុជាដណ្តើមបានជ័យលាភីពានមាស១ និងមេដាយគ្រប់កម្រឹតចំនួន ២៧ ក្នុងការប្រកួតប្រជែងស្នាដៃចុងភៅអាសុីឆ្នើមឆ្នាំ២០១៩ ។ សមាគមចុងភៅកម្ពុជាបាននាំយកម្ហូបខ្មែរ និងចុងភៅកម្ពុជាចំនួន ៣២រូប ទៅចូលរួមប្រកួតក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃចុងភៅអាសុីឆ្នើម ឆ្នាំ២០១៩ រយៈពេល ០១សប្តាហ៍ ពីថ្ងៃទី ២៦ ខែឧសភា ដល់ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ ដោយទទួលបានជ័យលាភីពានមាស ១ និងមេដាយគ្រប់កម្រឹតថ្នាក់ ចំនួន២៧ ក្នុងនោះរួមមាន៖ ១- ពានមាសជ័យលាភីចំនួន ០១ ។ ២- មេដោយមាសចំនួន ០៣ ។ ៣- មេដាយប្រាក់ចំនួន ០៦ ។ ៤- មេដាយសំរឹទ្ធចំនួន ១៧ សម្រាប់បុគ្គលចំនួន២៧ បន្ថែមទៀត លោក ឡុង ប៊ុនហោ បានឲ្យដឹងថា កម្មវិធីប្រកួតប្រជែងអាហារអាស៊ីឆ្នាំ២០១៩នេះ បានចាប់ផ្តើមពីថ្ងៃទី២៦ ខែឧសភា និងប្រកាសលទ្ធផលនារាត្រីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ។ បណ្តាអ្នកចូលរួមក្នុងកម្មវិធីនេះ រួមមានចុងភៅមកពីប្រទេសថៃ កម្ពុជា ចិន កូរ៉េខាងត្បូង ហុងកុង វៀតណាម ម៉ាកាវ ម៉ាឡេស៊ី កោះតៃវ៉ាន់ ហ្វីលីពីន ឥណ្ឌូណេស៊ី សឹង្ហបូរី និងប៉ាគីស្ថាន ។ នៅក្នុងកម្មវិធីប្រកួតប្រជែងនេះ ក្រុមចុងភៅល្បីៗមកពីបណ្តាខេត្តចំនួន ៣០ ក្នុងប្រទេសថៃ ក៏បានចូលរួមផងដែរ សរុបចុងភៅចូលរួមទាំងអស់មានប្រមាណជិត ១៤០០នាក់ ។
សូមបញ្ជាក់ថា រសជាតិម្ហូបខ្មែរចំនួន ១០មុខ ដែលចូលរួមប្រកួត រួមមាន៖ ១- ញាំក្រូចថ្លុងបង្គារទន្លេ ។ ២- សាច់គោអាំងទឹកប្រហុក ។ ៣- សម្លរប្រហើរត្រីឆ្អើរ ។ ៤- អាម៉ុកត្រី ។ ៥- ការីសាច់មាន់ ។ ៦- ឆាកង្កែបម្រេចកំពត ៧- ខប៉េងប៉ោះ ។ ៨- គ្រំបំពងជ្រក់ស្វាយ ។ ៩- បាយសម្រូបសណ្តែកខ្មៅ ។ ១០-បង្អែមសង់ខ្យារល្ពៅសមាគមចុងភៅកម្ពុជាបាននាំមកនូវកិត្តិយស មុខមាត់ និងកិត្យានុភាពជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។ ទេពកោសល្យនៃការផ្សំគ្រឿងចំអិនម្ហូប មិនគ្រាន់តែជាតម្លៃមួយបង្ហាញអំពីបំណិននៅក្នុងវិជ្ជាជីវៈជាចុងភៅតែប៉ុណ្ណោះ ក៏ប៉ុន្តែអ្វីដែលជាមោទនភាពសម្រាប់ការលើកពានជ័យលាភី គឺរសជាតិម្ហូបខ្មែរ ។
សមាគមចុងភៅកម្ពុជាបានបង្កើតឡើងនៅក្រុងសៀមរាបក្នុងឆ្នាំ២០១៣ ។ ឆ្នាំ២០១៩នេះ គឺជាលើកទី៧ហើយ ដែលសមាគមចុងភៅកម្ពុជាបានបញ្ជូនក្រុមចុងភៅឆ្នើមៗរបស់ខ្លួនចេញទៅប្រកួតប្រជែងធ្វើម្ហូប ក្នុងកម្មវិធីធំៗខ្នាតអន្តរជាតិនៅក្រៅប្រទេស ។
ជាការកត់សម្គាល់ទៅលើលទ្ធផលនៃការប្រកួតនេះ រាល់លើកដែលសមាគមចុងភៅកម្ពុជាដណ្តើមបាន គឺក្រៅពីមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាច្រើននោះ ជ័យលាភីពានមាស គឺសមាគមចុងភៅកម្ពុជាទទួលបានចំនួន២លើក គឺឆ្នាំ២០១៤ ទទួលបានពានមាសក្នុងកម្មវិធីប្រកួតធ្វើម្ហូប (រសជាតិអាហារទន្លេមេគង្គ) នៅទីក្រុងបាងកក ប្រទេសថៃ និងលើកទី២ គឺពានជ័យលាភីប្រកួតធ្វើម្ហូបអាស៊ី ឆ្នាំ២០១៩នេះ៕ សិលា