ភ្នំពេញ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា នេះ សម្រេចចោទប្រកាន់មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ហេង ហាប់ បម្រើការងារនៅអង្គភាពការពារជើងទឹក ពាក់ព័ន្ធការចូលលួច Ipad ពីបទលួច តាមមាត្រា៣៥៣ និង ៣៥៦ នៃក្រមព្រហ្មទណ្ឌ ។ នេះបើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ ថ្លែងប្រាប់អង្គភាពសារព័ត៌មាន មុននេះបន្តិច ។
បច្ចុប្បន្នសំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ក្រោមរូបភាពជនត្រូវចោទនៅក្រៅឃុំ ។
ការសម្រេចដ៏ឆាប់រហ័សរបស់តុលាការ នាពេលនេះ បន្ទាប់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងនេះបញ្ជូនមកតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់បន្ទាប់ពីមានប្រតិកម្មជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ។
ជុំវិញបញ្ហានេះ មជ្ឈដ្ឋានជាច្រើន យល់ឃើញថា ការសម្រេចបញ្ជូនតែសំណុំរឿងមកតុលាការ ដោយពុំបានចាប់ខ្លួនជនសង្ស័យ ដើម្បីស៊ើបអង្កេតឲ្យបានល្អិតល្អន់ដូចករណីដទៃទៀត គ្រាន់តែធ្វើឲ្យមហាជនស្ងប់ចិត្កបន្តិចប៉ុណ្ណោះ ។ ប៉ុន្តែ ទោះបីយ៉ាងណា លោកសក្តិ៣ ហេង ហាប់ នៅតែមានសេរីភាព ជាធម្មតាដដែល ។
កន្លងមក មានករណីប៉ូលិសបាញ់រថយន្តអ្នកដទៃ នៅខណ្ឌច្បារអំពៅ ដំបូងឡើយក៏ត្រូវបានសមត្ថកិច្ចមានវិធានការត្រឹមពិន័យកងកម្លាំងផងដែរ ។ ប៉ុន្តែក្រោយមាន ប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់មហាជន ទើប នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យចាប់ខ្លួនបញ្ជូនមកតុលាការនិងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារតែម្តង ។
អ្នកច្បាប់លើកឡើងថា ករណីទាំងអស់នេះ សុទ្ធតែជាការអនុវត្តច្បាប់ ហេតុអ្វីចាំបាច់ធ្វើឲ្យវែងឆ្ងាយ ធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំងក្លា ជាផលនាំឲ្យមហាជនកាន់តែអស់ជំនឿលើប្រព័ន្ធយុត្តិធម៌ នៅកម្ពុជាយ៉ាងដូច្នេះ ៕ចេស្តា