ខេត្តសៀមរាប-កំពង់ធំ៖ សហការបានល្អ! អធិការ៣នាក់សហការចាប់ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពជួលម៉ូតូ ពីខេត្តសៀមរាប រួចហើយបំរុងយកទៅលក់នៅភ្នំពេញ តែមិនបានសម្រេច ខណៈលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការក្រុងសៀមរាប បានសហការជាមួយលោកវរសេនីយ៍ឯក ញែម ឈុនលី អធិការក្រុងស្ទឹងសែន លោកវរសេនីយ៍ឯក ខេង ឈុនគ័ន អធិការស្រុកកំពង់ស្វាយបានឃាត់ខ្លួនជនសង្ស័យ២នាក់ ចំណែកបក្ខពួកផ្សេងទៀតរត់គេចខ្លួនបាត់ ។
ហេតុការណ៍កើតឡើងកាលពីវេលា ម៉ោង១៨ និង០០នាទីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែក ស្រុកស្ទោង ខេត្តកំពង់ធំ រហូតមកដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានបញ្ជូនទៅតុលាការ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ អៀង គាហេង ហៅហេង ភេទប្រុស អាយុ២៣ឆ្នាំ ចោរ ស្នាក់នៅចំណុចផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ អុឹង ឆាយហេង ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរនិស្សិត ឆ្នាំទី២ ផ្នែកអក្សរសាស្រ្តអង់គ្លេស ស្នាក់នៅសង្កាត់បឹងព្រលឹក ខណ្ឌ៧មករា ។
ដោយឡែក ជនរងគ្រោះមានឈ្មោះ ហុង សុថុល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជួលម៉ូតូ ស្នាក់នៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចបានបន្ដទៀតថា នៅវេលាម៉ោង៧ និង៤០នាទីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះបានជួលម៉ូតូជិះមួយគ្រឿងម៉ាក zoomer x ពណ៌ស លាយក្រហម ដែលពាក់ស្លាកលេខ ភ្នំពេញ 1AF.0066 និងម៉ូតូឃ្លិច សៀមរាប1AC.16135 ក្នុងគោលបំណង ឡើងទៅភ្នំគូលែន និងមានមិត្តភ័ក្រ្តចំនួន២នាក់ទៀតបានមកជួលម៉ូតូបន្ត តែជាអកុសលម្ចាស់បានឆែកមើលតាមប្រព័ន្ធ gps បានរកឃើញម៉ូតូនៅរាជធានីភ្នំពេញទើបម្ចាស់មានការសង្ស័យទើបរាយការណ៍មកសមត្ថកិច្ចក្រុងសៀមរាប ដើម្បីឃាត់ជន សង្ស័យទាំងពីរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា រូបគេ និងបក្ខពួក២ម្នាក់ទៀត ដែលកំពុងតែរត់គេចខ្លួនពិតជាបានធ្វើសកម្មភាពជួលម៉ូតូពីជនរងគ្រោះពិតប្រាកដមែន ។
បច្ចប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានក្រុងសៀមរាប ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការតាមនីតិវិធី ។
លោកវរៈសេនីយ៍ឯក ណុប សារ៉ាក អធិការក្រុងសៀមរាបបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩នេះថា ជនសង្ស័យ២នាក់បានបញ្ជូនទៅតុលាការរួចហើយ ៕ ប៊ុនរិទ្ធី