ភ្នំពេញ ៖ គ្រួសារមួយដោយមានសមាជិកជាគ្រូបង្រៀន ត្រូវបានចោរមួយក្រុមបានគាស់ទម្លុះទម្លាយ របើកចម្រឹងបង្អួចផ្ទះ លួចយកទ្រព្យសម្បត្តិមានតម្លៃ ដូចជាខ្សែកមាស ពេជ្រ អស់ប្រហែល២ម៉ឺនដុល្លារ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះលេខ ២៤ ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ទុន ឬទ្ធី ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរគ្រូបង្រៀន ទីលំនៅផ្ទះកើតហេតុខាងលើ ។
ចំណែកសម្ភារបាត់បង់រួមមាន ៖ ខ្សែកផ្លាទីនពណ៌ស, បន្តោងពេជ្រ, ខ្សែដៃពេជ្រ, កងដៃពេជ្រ, ខ្សែក ផ្លាទីន ពណ៌ស, បន្តោងរូបមេអំបៅពេជ្រ , ក្រវិលផ្លាទីនស១គូ, ចិញ្ចៀនផ្លាទីនស១វង់, ខ្សែក ផ្លាទីនវែង១ខ្សែ , ខ្សែកកូនប្រុសចំនួន២ខ្សែ, ចិញ្ចៀនផ្លាទីន២វង់, ក្រវិលកាវ៣គូ, បន្តោងខ្សែ កផ្លាទីនចំនួន៤ សរុបទាំងអស់ចំនួន២ម៉ឺនដុល្លារ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញកោសល្យវិច័យ បានចុះស្រាវជ្រាវពិនិត្យរកឃើញក្រយ៉ៅដៃចំនួន២កន្លែង និងបាតដៃចំនួន២កន្លែង ជាប់នឹងកញ្ចក់បង្អួច ហើយបានផ្តិតក្រយ៉ៅដៃ ដើម្បីប្រៀបធៀបបានចំនួន៥នាក់ ក្នុងនោះម្ចាស់ផ្ទះ២នាក់ (ប្តីប្រពន្ធ ) និង អ្នកខាងក្រៅ ប្រុស៣នាក់ ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញដែកគាស់ជាច្រើន ដែលក្រុមចោរសម្រាប់ធ្វើសកម្មភាព គាស់ចម្រឹងបង្អួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះហើយគេចខ្លួនទៅបាត់ ។
យោងតាមព័ត៌មានពីម្ចាស់ផ្ទះ បានឲ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៦៖២៥ នាទី កូនស្រីគាត់ឈ្មោះ នួន និតរតនា អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន អូឌីត (EY) និង កូនប្រុស២នាក់ទៀត ព្រមទាំងប្តីបានចេញទៅរៀន និងធ្វើការអស់ ចំណែកគាត់ចេញទៅបង្រៀនក្រោយគេ បិទទ្វារផ្ទះចាក់សោត្រឹមត្រូវ រហូតដល់ម៉ោង៣៖ ៣០នាទីរសៀល រូបគាត់ក៏ត្រឡប់មកវិញដល់ផ្ទះ ប្តីគាត់ក៏មកដល់ដែរ គាត់ក៏ចាក់សោចូល ស្រាប់តែឃើញបង្អួចមានស្នាមគាស់របើកចម្រឹង និងទ្វារបន្ទប់ដេក ហើយបាត់គ្រឿងអលង្ការតែម្តង រួចក៏ប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ៕ ភារ៉ា ដង្កោ