ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនស្ត្រីអ្នកសំអាងការម្នាក់ ទៅតុលាការ បន្ទាប់ពីស្ពាយគ្រឿងញៀនជិត១គីឡូក្រាមទៅឲ្យឈ្មួញចាំទិញ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃពុធ ​​៣កើត ​ខែ​ពិសាខ​ ឆ្នាំកុរ ឯកស័ក ព​.​ស​ ២៥៦៣ ​ត្រូវ​នឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនស្ត្រីម្នាក់ និងគ្រឿញៀន ជិត១គីឡូក្រាម មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ ។

យោងតាមរបាយការណ៍របស់មន្រ្តីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ា ចាន់ធី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសំអាងការ ហើយត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចខាងលិចផ្សារធំថ្មី ផ្លូវលេខ១២៨ កែងផ្លូវលេខ៦៧ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈស្ត្រីសង្ស័យស្ពាយគ្រឿងញៀនយកទៅឲ្យអ្នកទិញ ។

ក្រោយឃាត់ខ្លួនស្រ្តីសង្ស័យរួច សមត្ថកិច្ចបានដកហូតម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យថាជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ទម្ងន់ ៩៩៩.៥៦ ក្រាម និងទូរស័ព្ទដៃចំនួន១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សាកសួរនឹងចោទប្រកាន់តាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖