ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូពាក់ស្លាកលេខក្លែងក្លាយត្រូវនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនខណៈរូបគាត់ជិះម៉ូតូពាក់ស្លាកលេខក្លែងក្លាយ ។ ករណីនេះកើតឡើងនៅវេលាម៉ោង ១០ និង០០នាទីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចតាមផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

នគរបាលប្រាប់ថា ជនសង្ស័យមានឈ្មោះ សុភាព ដាវីត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ(មានសារធាតុញៀន) ។

សម្ភារបន្សល់ទុក ៖ ម៉ូតូ០១គ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១១ ពាក់ស្លាកលេចភ្នំពេញ 1BM-9009 (ក្លែងក្លាយ) ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី បានល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កត់បទល្មើសផ្សេងៗ លុះមកដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យកំពុងជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1BM-9009 (ក្លែងក្លាយ) តាមផ្លូវ ដោយមានការសង្ស័យ កម្លាំងល្បាត បានហៅជនសង្ស័យឲ្យឈប់ត្រួតពិនិត្យ ឃើញថា ម៉ូតូជនសង្ស័យពាក់ស្លាកលេខក្លែងក្លាយ គ្មានឯកសារសម្គាល់ ទើបកម្លាំងល្បាតនាំខ្លួនជនសង្ស័យយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖