ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង និងអ៊ីរ៉ង់ បញ្ជាក់ថា ការអត់ធ្មត់មានដែនកំណត់

ចែករំលែក៖

ដោយរងគំនាប់យ៉ាងខ្លាំងពីអាមេរិក អ៊ីរ៉ង់ និងកូរ៉េខាងជើង បានងាកទៅព្រមានអាមេរិកវិញថា ការអត់ធ្មត់ មានដែនកំណត់ ។

ក្នុងចំណោមសេចក្ដីអត្ថាធិប្បាយចុងក្រោយបង្អស់ លើបញ្ហានេះ ប្រធានតុលាការដ៏មានឥទ្ធិពលរបស់ប្រទេសអ៊ីរ៉ង់គឺលោក Ebrahim Raeesi បាននិយាយ ថា មន្ត្រីអាមេរិកកំពុងអង្វរសុំចរចាជាមួយទីក្រុងតេអេរ៉ង់ ។ ដោយនិយាយសំដៅលើការអត្ថាធិប្បាយរបស់លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក អំពីការត្រៀមខ្លួនរបស់អាមេរិកក្នុងការចរចាជាមួយអ៊ីរ៉ង់ ដោយគ្មានលក្ខខណ្ឌ ។

កន្លងមក ថ្មីសារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានថ្កោលទោសអាមេរិក ក្រោយជំនួបពិភាក្សាស្តីពីបរមាណូ កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩ ទទួលបរាជ័យ ។ សារព័ត៌មានខាងលើ បានផ្សាយទៀតថា ការអត់ធ្មត់របស់កូរ៉េខាងជើង មានដែនកំណត់ ។

អ្នកនាំពាក្យ នៃក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់ថា កិច្ចព្រមព្រៀង ចំនួន៤ចំណុច រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កាលពីជំនួប នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅសិង្ហបុរី អាចក្លាយទៅជាក្រដាសអត់ន័យ ប្រសិនបើរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន នៅតែមានបំណងចង់ឲ្យទីក្រុងព្យុងយ៉ាង បោះបង់អាវុធមហាប្រល័យលោក (បរមាណូ) ជាមុន ។

សារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានដកស្រង់ការប្រកាសរបស់ក្រសួងការបរទេស ដោយបានបញ្ជាក់ថា «អាមេរិកគួរតែយល់ថា ចាំបាច់ត្រូវតែមានការផ្លាស់ប្តូរទស្សនៈ នាពេលបច្ចុប្បន្ន ហើយឆ្លើយតបទៅនឹងការចង់បានរបស់កូរ៉េខាងជើង ពីព្រោះការអត់ធ្មត់របស់កូរ៉េខាងជើង គឺមានដែនកំណត់» ។

នៅក្នុងជំនួប កាលពីខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នោះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង មិនអាចឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់នូវកម្មវិធីអាវុធមហាប្រល័យលោក (បរមាណូ) ជាមួយនឹងការដោះដូរឲ្យលុបទណ្ឌកម្មនោះឡើយ៕


ចែករំលែក៖