ភ្នំពេញ៖ មន្រ្តីនគរបាលខណ្ឌចំការមនម្នាក់សន្លប់ស្តូកស្តឹង ខណៈជិះម៉ូតូដឹកប្រពន្ធ និងកូនក្នុងសភាពស្រវឹងស្រា ហើយបានបើកបញ្ច្រាសទិសផ្លូវជិតបុកគ្នា ក៏បានឈ្លាះប្រកែកគ្នារហូតឈានដល់ហិង្សាវាយតបគ្នាទៅវិញទៅមក ធ្វើឲ្យភាគីខាងសមត្ថកិច្ចរបួសធ្ងន់ ។ ចំណែកភាគីខាងក្មេងស្ទាវ ត្រូវសមត្ថកិច្ចមកអន្តរាគមន៍ចាប់ក្របួចជាប់ទាំង២នាក់ ។
ករណីហិង្សាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នៅមុខភោជនីយដ្ឋានអាហារប៊ូហ្វេក្តៅបង្កងនាគ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ភាគីទាំងពីរមិនស្គាល់អត្តសញ្ញាណច្បាស់នោះទេ គ្រាន់តែដឹងថា បុរសដែលរងរបួសធ្ងន់នោះជាមន្រ្តីនគរបាលខណ្ឌចំការមន ក្នុងស្ថានភាពស្រវឹង និងភាគីម្ខាងទៀតជាក្មេងស្ទាវមានគ្នា២នាក់ ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុគេឃើញ មានក្មេងស្ទាវ២នាក់ បានជិះម៉ូតូម៉ាកហុងដាស្កូបពីមួយគ្រឿង ធ្វើដំណើរពីត្បូងទៅជើង តាមផ្លូវព្រះមុនីវង្ស មកដល់ចំណុចកើតហេតុស្រាប់តែបុរសរងគ្រោះដែលជាមន្ត្រីនគរបាលខណ្ឌ បានស្លៀកពាក់ស៊ីវិល ដោយជិះម៉ូតូឌុបប្រពន្ធ និងកូនប្រុសម្នាក់ ធ្វើដំណើរបញ្ច្រាសទិសដៅចរាចរណ៍ជិតបុកគ្នា ។ ភ្លាមនោះភាគីទាំងសងខាង បានទាស់សម្ដីគ្នា រហូតឈានដល់ប្រើប្រាស់ហិង្សាវាយតបគ្នា រួមថែមទាំងមានការដកកាំភ្លើងខ្លីមួយដើម មិនស្គាល់ម៉ាកគំរាមបាញ់ភាគីក្មេងស្ទាវ ក៏ត្រូវក្រុមក្មេងស្ទាវ២នាក់នោះយកកៅអីព្រួតវាយរហូតធ្វើឲ្យភាគីខាងសមត្ថកិច្ចរបួសធ្ងន់សន្លប់ស្ដូកស្ដឹង បង្កការភ្ញាក់ដល់សមត្ថកិច្ចជួយធ្វើអន្តរាគមន៍ចាប់ក្របួចជាប់ទាំង២នាក់ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានសាកសួរក្មេងស្ទាវទាំង២នាក់នោះ អំពីមូលហេតុ ពួកគេបានឆ្លើយថា ដោយសារតែបុរសរងគ្រោះជាមន្ត្រីស្លៀកពាក់ស៊ីវិលខាងលើនេះ បានចោទប្រកាន់ថាពួកគេជាចោររួចបានជិះដេញតាម ទើបកើតជម្លោះ និងហិង្សាបែបនេះ ។
ក្រោយកើតហេតុក្មេងស្ទាវទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីសាកសួរ និងបន្តនីតិវិធី ។ ចំណែកជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ត ៕ស រស្មី