ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យស្លាប់ នៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានស្លាប់ ដោយសារខ្សែភ្លើងឆក់បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង៥៥នាទីព្រឹកថ្ងៃពុធ ​​៣កើត ​ខែ​ពិសាខ​ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ​ត្រូវ​នឹងថ្ងៃទី៥ ខែមិថុនាឆ្នាំ២០១៩ នៅចំណុចក្នុងរោងដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សពឈ្មោះ ឈាន សុផា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ ស្នាក់នៅក្នុងរោងដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ចំណុចកើតហេតុខាងលើ) ។

តាមប្រភពព័ត៍មានពីមន្រ្តីជំនាញខណ្ឌសែនសុខ បានឲ្យដឹងថាមុនពេលកើតហេតុ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលព័ត៌មានថា នៅចំណុចខាងលើ មនុស្សស្រីម្នាក់ ស្លាប់ដោយការឆក់ខ្សែភ្លើង នៅចំណុចកើតហេតុខាងលើ ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ និងដោយមានការសហការជាមួយការិយាល័យកោសល្យវិច័យវិទ្យាសាស្ត្រ និងតាមការពិនិត្យសន្និដ្ឋាន របស់លោក នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានថា សពខាងលើ ស្លាប់ដោយការឆក់ខ្សែភ្លើងពិតប្រាកដមែន ។

បច្ចុប្បន្ន សពខាងលើត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតខេត្តកំពង់ចាម ៕ តុង សីហា


ចែករំលែក៖