ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់សិស្សសាលា ស្លាប់២នាក់ របួសធ្ងន់ម្នាក់ ពេលលេងបាល់ទាត់ មេឃងងឹតរកកលភ្លៀង

ចែករំលែក៖

ខេត្តរតនគិរី៖ ហេតុការណ៍ដ៏រន្ធត់មួយ ដោយសារមានករណីរន្ទះបាញ់សិស្សសាលាបណ្តាលឲ្យ ស្លាប់២នាក់ របួសធ្ងន់ម្នាក់ ខណ:ដែលពួកគេកំពុងលេងបាល់ទាត់ នៅមុខសាលារៀន ណងកាតុង ភូមិបាតាង ។

ហេតុការណ៍ដ៏រន្ធត់នោះ បានកើតឡើងនៅវេលាម៉ោង៤និង២៤នាទីរសៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខសាលារៀនណងកាតុង ភូមិបាតាង ឃុំបាតាង​ ស្រុក​លំផាត់ ខេត្តរតនគិរី ។

ប្រភពពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ករណីរន្ទះបាញ់សិស្សសាលានេះ ខណ:ដែលពួកគេកំពុងលេងបាល់ទាត់ ពេលមេឃងងឹតរកលនឹងភ្លៀង ក៏ស្រាប់តែមានរន្ទះបាញ់តែម្តង ។ ក្មេងសិស្សសាលារងគ្រោះ ទី១. មានឈ្មោះ ធ្វើន រ៉េន​ ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិទំពួន មុខរបរ សិស្ស រៀនថ្នាក់ទី៦រងរបួសធ្ងន់ ។ ទី២.មានឈ្មោះ យំ ថាយ ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិទំពួន មុខរបរសិស្ស រៀនថ្នាក់ទី២ ( ស្លាប់) និងទី៣. មានឈ្មោះ លេង គឹមហ៊ ភេទប្រុស អាយុ១៨ឆ្នាំ ខ្មែរមុខរបរសិស្ស រៀនថ្នាក់ទី៦ (ស្លាប់) ។ អ្នករងគ្រោះទាំងបីនាក់រស់នៅភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។

ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំបាតាងបានចុះត្រួតពិនិត្យដល់កន្លែងកើតហេតុផ្ទាល់ រួចក៏បានប្រគល់សពឲ្យឪពុកម្តាយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ម្នាក់នោះ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកលំផាត់ ៕ ជីវន្ត័


ចែករំលែក៖