អាមេរិក ជាមហាអំណាចយោធាលើពិភពលោក ដោយអាមេរិក មានកម្លាំងទាហាន និងទីតាំងយោធានៅក្រៅប្រទេសជាច្រើន ក្នុងនោះ មានទីតាំងនៅកៀកប្រទេសរុស្ស៊ី គឺតំបន់ អឺរ៉ុប ខាងកើត និងទីតាំងនៅកៀកប្រទេសចិន មានកូរ៉េខាងត្បូង និងជប៉ុន ។ ជាមួយគ្នានោះ អាមេរិកមានអាវុធទំនើបៗជាច្រើន ។ បើចិន និងរុស្ស៊ីតែម្នាក់ឯងនោះ ពិបាកយកឈ្នះអាមេរិក ប៉ុន្តែបើប្រទេសទាំងពីររួមគ្នានោះ នឹងមានប្រៀបអាមេរិក ក្នុងសង្គ្រាម ។
ប្រទេសមហាអំណាចយោធាពិភពលោក អាមេរិក ចិន និងរុស្ស៊ី ជាដើម មានអាវុធមីស៊ីលឆ្លងទ្វីប បំពាក់ក្បាលគ្រាប់បរមាណូដែលអាច បំផ្លាញពិភពលោក ទាំងមូលបាន ក្នុងរយៈពេលតែ៣០នាទីប៉ុណ្ណោះ ។ បើមហាអំណាចយោធាទាំងបីផ្ទុះសង្គ្រាមបរមាណូនឹងគ្នានោះ ពិភពលោកទាំងមូលនឹងត្រូវ វិនាស ។
ខាងក្រោមនេះគឺអាវុធដែល អាចបំផ្លាញពិភពលោកក្នុងរយៈពេល៣០នាទី៖
១- អាមេរិក៖ មីស៊ីល បំពាក់ក្បាលគ្រាប់ បរមាណូ UGM-133 Trident II (Trident D5) បាញ់បានចម្ងាយ ដល់ទៅ១១.០០០ គីឡូម៉ែត្រ ។ មីស៊ីលខាងលើ មានល្បឿនដល់ទៅ ២០.៨២៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង គឺមានល្បឿនលឿនជាង សំឡេង ដល់ទៅ១៧ដង ។
រយៈចម្ងាយពីអាមេរិក ទៅកាន់ទីក្រុងមូស្កូរុស្ស៊ី មានប្រវែងតែ ៨៨៩៦គីឡូម៉ែត្រ ប៉ុណ្ណោះ ហើយបើអាមេរិកវាយប្រហារទៅលើរុស្ស៊ីនោះ គឺប្រើប្រាស់រយតែជាង១០នាទី ប៉ុណ្ណោះ។ ចំណែករយៈចម្ងាយពីអាមេរិកទៅចិន វិញ គឺមានចម្ងាយដល់ទៅ ១១.៦៦០ គីឡូម៉ែត្រ ដូច្នេះ នៅគោលដៅជាច្រើនក្នុងប្រទេសចិន គឺមីស៊ីលអាមេរិកវាយប្រហារ មិនដល់ឡើយ។
២ រុស្ស៊ី៖ មីស៊ីលបរមាណូ R-29RMU SINEVA(RSM-54)របស់រុស្ស៊ី បាញ់បានចម្ងាយដល់ទៅ១១.៥០០គីឡូម៉ែត្រ ក្នុងល្បឿន២៧.៣៩៦គីឡូម៉ែត្រ ក្នុងមួយម៉ោង គឺល្បឿនលឿនជាងសំឡេងដល់ទៅ២២ដង។ ដូច្នេះមីស៊ីលរុស្ស៊ី អាចគ្រប់ដណ្តប់នៅបរិវេណធំក្នុងទឹកដីអាមេរិក ។
រុស្ស៊ីនៅមានមីសីល R-36 M បាញ់បានចម្ងាយដល់ទៅ១៦.០០០គីឡូម៉ែត្រ ក្នុងល្បឿន២៨.៧២៨ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយបាញ់ប្រហារក្នុងល្បឿនជាសំឡេង ដល់ទៅ៤,៩៥ដង។
៣ ចិន៖ មីស៊ីល DongFeng 5A(DF-5A) បាញ់បានចម្ងាយ ដល់ទៅ១៣.០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង គឺមានល្បឿនលឿនជាងសំឡេង២២ដង ។ រយៈចម្ងាយពីចិនទៅអាមេរិក គឺ ១១.៦៦០គីឡូម៉ែត្រ ដូច្នេះការវាយប្រហារទៅលើទឹកដីអាមេរិក ប្រើប្រាស់រយពេលជាង២០នាទីប៉ុណ្ណោះ។
ក្រៅពីនេះចិននៅមានមីស៊ីល ឆ្លងទ្វីប(DF-41, CSS-X-10) បាញ់បានចម្ងាយដល់ទៅជាង ១៤.០០០ គីឡូម៉ែត្រ ក្នុងល្បឿន ដល់ទៅ២៩.៤០០គីឡូម៉ែត្រ ក្នុងមួយម៉ោង លឿនជាងសែឡេង ដល់ទៅ២៤ដង ។ មីស៊ីលខាងលើនេះមានសម្ថភាពខ្ពស់ជាងទាំងមីស៊ីលរបស់អាមេរិក និង រុស្ស៊ី ទៀតផង។
នៅពេលនេះដែរ ចិន បាន បង្កើនសមត្ថភាពយោធា ដោយបានទិញប្រព័ន្ធមីស៊ីលការពារយ៉ាងទំនើបបំផុត គឺ S-400 ហើយពេលនេះ ចិនបន្តទិញយន្តហោះចម្បាំងទំនើប បំផុតលើពិភពលោក Su -57ពីរុស្ស៊ីទៀតផង ។
ការបង្កើតអាវុធរបស់ប្រទេសមហាអំណាបានបង្កក្តីបារម្ភយ៉ាងខ្លាំងថា តើមានរឿងអ្វីនឹងកើតឡើង នៅលើពិភពលោក? បានជាប្រទេសមហាអំណាច បង្កើនការទិញនិងផលិតអាវុធដោយខ្លួនឯង យ៉ាងច្រើន បែបនេះ ។ មន្ត្រីរុស្ស៊ីបានបញ្ជាក់ថា ចិន នឹងទិញយន្តហោះចម្បាំងបំបាំងកាយជំនន់ទី៥ ប្រភេទ Sukhoi Su-57និង Su-35 ដែលជាយន្តហោះទំនើបបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន ។
នៅក្នុងបទសម្ភាសន៍ថ្មីបំផុត លោក Viktor Kladov អគ្គនាយក ទទួលបន្ទុកកិច្ចសហប្រតិបត្តិការ អន្តរជាតិ និងគោលនយោបាយក្នុងតំបន់របស់ក្រុមហ៊ុន Rostec បានប្រកាសនូវព័ត៌មានសំខាន់ពីរ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាយោធា ជាមួយរុស្ស៊ី ។ ក្នុងនោះ រុស្ស៊ី នឹងអនុញ្ញាតលក់យន្តហោះចម្បាំងទំនើបបំផុតប្រភេទ Su-57ឲ្យចិន ។ ក្រៅពីនេះ នៅមានប្រទេសមួយចំនួនទៀត ដែលរុស្ស៊ីបានសម្រេច លក់យន្តហោះចម្បាំងទំនើបនោះឲ្យ ។
ព័ត៌មានសំខាន់ទីពីរ គឺ ចិន នឹងទិញបន្ថែមយន្តហោះចម្បាំង ជំនន់ទី៤++ ប្រភេទ Su-35s បន្ថែមជាច្រើនគ្រឿងទៀត ។ កន្លងមក ចិនបានទិញយន្តហោះប្រភេទនេះ ២៤គ្រឿងរួចមកហើយ ។
ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយនានារបស់ចិន បានផ្សាយថា យន្តហោះចម្បាំងជំនន់ទី៥ របស់ចិនប្រភេទ Chengdu J-20 មានសមត្ថភាព អាចនិយាយបានថា ខ្លាំងជាង Su-57របស់ចិនទៅទៀត ។
អាមេរិក រុស្ស៊ី និងចិន អាចឈានដល់ដំណាក់កាលប្រកួតប្រជែងបច្ចេកវិទ្យាសព្វាវុធ ក្រោយអាមេរិក សម្រេចដកខ្លួនចេញពី សន្ធិសញ្ញាកាត់បន្ថយអាវុធ INF ជាមួយរុស្ស៊ី ។ នៅពេលនេះ ប្រទេសមហាអំណាចយោធាទាំង៣បានខិតខំផលិតអាវុធ ទំនើបបំផុតលើពិភពលោក ដើម្បីមានប្រៀបលើគូប្រជែង ។
បច្ចុប្បន្ន អាមេរិក មានយន្តហោះចម្បាំង F-22A Raptor និង F-35 Lightning II ត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារទៅលើគោលដៅនៅលើដី និងនៅលើអាកាស ។ ចំណែក Su-57 របស់រុស្ស៊ីបានសាកល្បងក្នុងរយៈពេលខ្លីនៅក្នុងប្រទេសស៊ីរី មិនទាន់អាចបញ្ជាក់បានពីសមត្ថភាពពិតប្រាកដនៅឡើយ ។ ដោយឡែក យន្តហោះចម្បាំង J-20 របស់ចិនវិញ ទោះមានព័ត៌មានថា ទំនើបបំផុត ជាងយន្តហោះរុស្ស៊ីទៅទៀត ប៉ុន្តែមិនទាន់បានបង្ហាញពីសមត្ថភាពពិតនៅក្នុងសង្គ្រាមនៅឡើយ ៕