ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនិងម៉ូតូបុកគ្នារបួសម្នាក់ នៅប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពី​វេលាម៉ោង ១៩ : ០០ នាទីយប់​ ថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើងរវាងរថយន្ត និងម៉ូតូបើកបរច្រាសទិសគ្នា នៅចំណុចមុខកាស៊ីណូ ហ្គ្រេន ជេ អឹម ស្ថិត​នៅក្នុង​ភូមិ​ផ្សារព្រំជើង ឃុំ​ស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្ត​ប៉ៃលិន​។

ប្រព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាននគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា ម្ចាស់រថយន្តមានឈ្មោះ​ ហ៊ុយ គីមឃន ភេទ​ប្រុស អាយុ​ ៧២ឆ្នាំ​ បើកបររថយន្តម៉ាកឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A-5416 (គ្មានរបួស) ។

អ្នកបើកបរម៉ូតូរងរបួស ឈ្មោះ​ ញិល យ៉ុង ភេទ​ប្រុស​ អាយុ​ ៤២ ឆ្នាំ​ មុខរបរកម្មករ បើកបរម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ​២០១១ ពាក់ស្លាក់លេខ បន្ទាយមានជ័យ 1E-7133 ។ អ្នក​ទាំងពីរ​មានអ្នក​ទីលំនៅ​ក្នុង​ភូមិ​ឃុំ​កើត​ហេតុ​ខាងលើ​ ។​

មូលហេតុបណ្ដាលមកពីកត្តាមនុស្សបើកបរលឿនហួសល្បឿនកំណត់ មិនបាន​មើលរថយន្ដស៊ីញ៉ូបទឆ្វេង ធ្វើឲ្យ​ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្ត​ពេញទំហឹង ។ បច្ចុប្បន្ន​ជនរងគ្រោះបានបញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។ ចំណែក​វត្ថុតាងត្រូវបានកម្លាំងប៉ុស្តិ៍យកទៅរក្សាទុកនៅទីស្នាក់ការប៉ុស្ទឹងកាច់ រង់ចាំការដោះស្រាយ ៕ ស សារ៉េត


ចែករំលែក៖