ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងបំពេញទស្សនកិច្ច ក្រោយថៃបង្កើតរដ្ឋាភិបាលថ្មី

ចែករំលែក៖

ថៃបានបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្ត្រីស៊ីវីលជាលើកដំបូង ក្រោយរយៈពេល​៥ឆ្នាំដឹកនាំដោយយោធា ហើយការបោះឆ្នោតនៅក្នុងសភា កាលពីថ្ងៃទី​៥ ខែមិថុនា លោកប្រាយុទ្ធ​ ចានអូចា ត្រូវបានជាប់ឆ្នោតដឹកនាំរដ្ឋាភិបាល មួយអាណត្តិ​៥ឆ្នាំខាងមុខទៀត​។

នៅពេលនេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងបំពេញទស្សនកិច្ច ក្រោយថៃបានបង្កើតរដ្ឋាភិបាលរួចរាល់​ ក្នុងគោលដៅ រឹតចំណងមិត្តភាពកាន់តែប្រសើរឡើង ។

នៅពេលនេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា នឹងទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសថៃ នៅថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។ ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្ដីការបរទេសអាមេរិក នៅក្នុងទឹកដីថៃ នេះ គឺមានគោលបំណងគាំទ្រដល់ការអភិវឌ្ឍរបស់បណ្ដាប្រទេសទាំងឡាយ នៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ដែលប្រឈមមុខជាមួយប្រទេសចិននោះ ។ នេះបើតាមប្រភពពីមន្ត្រីអាមេរិក កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ។

លោក Mark Clark មន្ត្រីអាមេរិកទទួលបន្ទុកកិច្ចការ នៅក្នុងតំបន់អាស៊ី បានបញ្ជាក់ថា លោករដ្ឋមន្ត្រី ប៉ុម ប៉េអូ (Pompeo) នឹងធ្វើដំណើរទៅជួបប្រជុំជាមួយថ្នាក់រដ្ឋមន្ត្រីការបរទេស នៃបណ្ដាប្រទេសតំបន់អាស៊ាន (Asean) ហើយកិច្ចពិភាក្សានោះ គឺទាក់ទិននឹងគម្រោងផ្តួចផ្តើមទន្លេមេគង្គក្រោម។

គម្រោងផ្តួចផ្តើមទន្លេមេគង្គក្រោម បានបង្កើតឡើង អស់រយៈពេល១០ឆ្នាំកន្លងមកហើយ ក្រោមអធិបតីរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន (Hilary Clinton) ដែលកាលណោះ លោកស្រីជារដ្ឋមន្ត្រីការបរទេសអាមេរិក។ គម្រោងនេះ គឺជាការជំរុញ និងសម្របសម្រួលសេដ្ឋកិច្ចឲ្យមានកំណើនដល់បណ្ដាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន រួមមាន ប្រទេសកម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ថៃ និងវៀតណាម ។ ប្រទេសទាំងនេះ បានបង្កើននូវទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន។

រដ្ឋាភិបាលចិន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង បានបង្កើតគម្រោង “ផ្លូវមួយ ខ្សែក្រវាត់មួយ” ហើយភាគច្រើនត្រូវគេហៅថា “ផ្លូវសូត្រ” គឺជាការផ្តួចផ្តើមគំនិតរបស់ចិន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងតាមផ្លូវគោក និងផ្លូវទឹក តភ្ជាប់ពីប្រទេសមួយទៅប្រទេសមួយ ដើម្បីបង្កើតជាខ្សែបណ្តាញ នៃការដោះដូរពាណិជ្ជកម្ម ចាប់ពីចិនតភ្ជាប់ទៅអាស៊ី និងបន្តរហូតទៅដល់តំបន់អឺរ៉ុប និងអាហ្វ្រិក។ គម្រោងនេះត្រូវចំណាយលុយ រហូតដល់ទៅរាប់រយពាន់លានដុល្លារ ហើយលុយនេះ គឺបានមកពីប្រទេសចិន ក្នុងរូបភាពជាកម្ចី ដែលអាចជាកម្ចីពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋ ឬក៏ជាកម្ចីពីស្ថាប័នហិរញ្ញវត្ថុពាក់កណ្តាលរដ្ឋ និងពាក់កណ្តាលឯកជន៕


ចែករំលែក៖