ព័ត៌មានទាន់ហេតុការណ៍៖

ពូទីន៖ អាមេរិកគ្មានហេតុផលអ្វីត្រូវបញ្ជូនទាហានទៅកាន់វេណេហ្ស៊ុយអេឡាឡើយ

ចែករំលែក៖

លោកពូទីន បញ្ជាក់ថា វិបត្តិនៅវេណេហ្ស៊ុយអេឡា ទុកឲ្យពលរដ្ឋ​វេណេហ្ស៊ុយអេឡា​ជាអ្នកដោះស្រាយ ។ លោកពូទីន បន្តទៀតថា​«តាមរយៈកិច្ចពិភាក្សា​ ប្រឹក្សា និងសហប្រតិបត្តិការ រវាងកម្លាំង នយោបាយនៅក្នុងប្រទេស ពលរដ្ឋវេណេហ្ស៊ុយអេឡា​ជាអ្នករៀបចំ​ ថា តើលោក ប្រធានាធិបតីម៉ាឌូរ៉ូ​ បន្តដឹកនាំប្រទេសទៀត ឬមួយចាកចេញ។ អាមេរិក គ្មានសមត្ថកិច្ចក្នុងរឿងនោះឡើយ»។

ប្រធានាធិបតីរុស្ស៊ីលោក ពូទីន​ បានព្រមានថា រុស្ស៊ីគ្មានបំណងបញ្ជូនទាហាន ឬ បង្កើតទីតាំងយោធានៅក្នុងប្រទេសវេណេហ្ស៊ុយអេឡានោះឡើយ​ ។​ ចំណែកអាមេរិក​វិញ ក៏មិនត្រូវបញ្ជូនទាហានទៅកាន់ទីនោះដែរ​ ។

មានប្រសាសន៍នៅក្នុងទីក្រុង St. Petersburg ​កាលពីថ្ងៃទី​៦ ខែមិថុនា ប្រធានាធិបតីពូទីនបានព្រមានថា សកម្មភាពយោធា​របស់អាមេរិកនៅវេណេហ្ស៊ុយអេឡា គឺជា​សោកនាដកម្ម ហើយប្រទេសជាសម្ពន្ធមិត្តអាមេរិក ក៏មិនត្រូវគាំទ្រ អាមេរិកប្រើប្រាស់យោធានៅវេណេហ្ស៊ុយអេឡាដែរ ។

ប្រធានាធិបតី ពូទីន​ បានលើកឡើងថា កន្លងមករុស្ស៊ីបានបញ្ជូនក្រុមអ្នកជំនាញទៅកាន់វេណេហ្ស៊ុយអេឡានោះ គឺដើម្បីជួសជុលអាវុធដែលរុស្ស៊ីបានលក់ទៅឲ្យរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ។​

លោក ពូទីន បានបញ្ជាក់ថា​ «យើងមិនសាងសង់ទីតាំងយោធានៅវេណេហ្ស៊ុយអេឡាឡើយ ​ហើយយើងក៏មិនបញ្ជូនទាហានទៅកាន់ទីនេះដែរ ។ យើងមិនមានបំណងធ្វើរឿងនោះឡើយ​ តែយើងត្រូវតែបំពេញភារកិច្ច​ ជួយអភិឌ្ឍន៍ ជួសជុលសព្វាវុធ ដូចដែលបានព្រមព្រៀង​»៕


ចែករំលែក៖