ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ សមត្ថកិច្ចរុញដាក់គ្នា​រឿងបទល្មើស​ព្រៃឈើ​នៅស្រុកភ្នំក្រវាញ

ចែករំលែក៖

ការកាប់បំផ្លាញព្រៃឈើ​បានកើតឡើង​យ៉ាងសកម្មបំផុត​នៅក្នុងតំបន់គ្រប់គ្រងដោយបរិស្ថាន ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ប៉ុន្តែនៅពេលដែលឈើទាំងនោះដឹកចេញពីដែនសមត្ថកិច្ចបរិស្ថាន ត្រូវឆ្លងកាត់​ដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ។ ដូច្នេះ មេព្រៃ​បាន​ត្រឹម​តែ​យកលុយពីបទល្មើសឆ្លងកាត់​ដែនសមត្ថកិច្ចរបស់ខ្លួនប៉ុណ្ណោះ ។ ពីព្រោះថា បទល្មើសនៃការកាប់បំផ្លាញ​ស្ថិតនៅក្នុងដែនសមត្ថកិច្ចបរិស្ថាន ។ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់មិនដែលខ្វល់​ចំពោះការកាប់បំផ្លាញព្រៃឈើ​ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ ។

គេខ្សឹបខ្សៀវថា នៅព្រឹកថ្ងៃទី៧ ខែមិថុនា មន្ត្រីរដ្ឋបាលព្រៃឈើ​សង្កាត់ភ្នំក្រវាញ ត្រូវបានមន្ទីរកសិកម្ម​ខេត្តពោធិ៍សាត់​ក្រោមអំណាច​បញ្ជា​លោក ឡាយ វិសិដ្ឋ កោះហៅ​ឲ្យមកបំភ្លឺអំពីបញ្ហាបទល្មើសនៃការដឹកជញ្ជូនឈើ​របស់ឈ្មួញដ៏ល្បីម្នាក់ឈ្មោះ ចែ ភក្តិ និងប្តី ។ បទល្មើស​នៃការ​ដឹកជញ្ជូនឈើរបស់ចែ ភក្តិ និងប្តី ស្ថិតក្នុងដែនសមត្ថកិច្ចរបស់លោក សួស សុផានិត ។ ប៉ុន្តែគេដឹងថា ឈើទាំងនោះ មិនមែនកាប់​នៅក្នុងដែនសមត្ថកិច្ចមេព្រៃនោះទេ ។ ផ្ទុយទៅវិញ ឈើ​ទាំងនោះ​ត្រូវបានកាប់ចេញពីតំបន់ការពារ​ដែលគ្រប់គ្រងដោយ​មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ។ នៅគ្រាដែលមន្ទីរកសិកម្ម​ហាក់ដូចជាបានរស់ត្រគាក​បន្តិច​ក្រោមការចាត់ចែង​មើលការខុសត្រូវ​របស់លោក​រដ្ឋមន្ត្រី វេង សាខុន រីឯខាងក្រសួងបរិស្ថានមិនដែលខ្វល់​ចំពោះការកាប់បំផ្លាញព្រៃឈើ​នៅតំបន់​ការពារនោះឡើយ ។

ចែភក្តិ នៅតែជាជើងឯក ក្នុងការ​បោះទីតាំងឈរទិញឈើ​នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ថ្មីៗបំផុតនេះ គេឃើញ​ជនជាតិចិន ដែលអត់ចេះនិយាយភាសាខ្មែរមួយម៉ាត់ចុះទៅទិញដល់ទីតាំង ។ ប្រភពបានឲ្យដឹងថា ចែ ភក្តិ រីកថ្លើមជាខ្លាំង ពីព្រោះបានម៉ូយដុំ ចុះទៅទិញឈើដល់ទីតាំងមាត់ព្រៃ ក្នុងតម្លៃថ្លៃ ដែលគាត់បានចំណេញប្រាក់រាប់ម៉ឺនដុល្លារក្នុងមួយពេលនោះ ។ ពួកមន្ត្រីព្រៃឈើ​និយាយថា ឈ្មួញចិននោះ ជះលុយឲ្យសមត្ថកិច្ច​គ្រប់ផ្នែក​ដោយមិនខ្វល់អ្វីឡើយ ។ ឈ្មួញចិនឈរ​មើលការ​ថ្លឹងឈើ​ដែលទិញពីចែ ភក្តិ ដាក់បញ្ចូលរថយន្តដោយខ្លួនឯង ។

គេនិយាយថា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ មិនដែលខ្វល់​ចំពោះបញ្ហា​បទល្មើសព្រៃឈើនៅតំបន់ការពារនោះឡើយ ។ សូម្បីតែមន្ត្រីពួកមេព្រៃ​ក៏ឆ្ងល់ដែរថា ហេតុអ្វីបានជាខាងបរិស្ថាន ដែលមានភារកិច្ចការពារព្រៃឈើ​នៅតំបន់អភិរក្ស​មិនដែលខ្វល់ ចំពោះបញ្ហាបទល្មើសយ៉ាងដូច្នេះ ។ មិនតែប៉ុណ្ណោះ មន្ត្រីបរិស្ថានប្រជែងគ្នា​ទាញយកម៉ូយខាងប្រព្រឹត្តបទល្មើស​ដើម្បីជាប្រយោជន៍​ផ្ទាល់ខ្លួនម្នាក់ៗទៀតផង ។ គេមិនដឹងថា តើថ្នាក់ដឹកនាំក្រសួងបរិស្ថានបានជ្រាប​អំពីបញ្ហាមហន្តរាយ​ព្រៃឈើ​នៅតំបន់​ការពារ​ក្នុងស្រុក​ភ្នំក្រវាញដែរឬយ៉ាងណានោះទេ ។ ពួកមេព្រៃស្រុកភ្នំក្រវាញ់និយាយថា ខាង​បរិស្ថាន​ស្រួលណាស់ យកលុយងាយៗ ហើយមិនដែលថ្នាក់លើស្តីបន្ទោសនោះឡើយ។ ចំណែកឯពួកខ្លួនគ្រាន់តែ​បទល្មើស​ឆ្លងកាត់តំបន់ខ្លួន ក៏ត្រូវមេៗស្តីបន្ទោសដែរ ៕


ចែករំលែក៖