ព័ត៌មានទាន់ហេតុការណ៍៖

គួរអោយអាណិត! ដូចណាត់គ្នាស្លាប់ មនុស្ស២នាក់ ត្រូវរន្ទះបាញ់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តសៀមរាប៖សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរស២នាក់ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ បុរសទាំងពីរនាក់មានមុខរបរជាអ្នកលក់ឈូក និងអ្នកដឹកទឹកសុទ្ធលក់ត្រូវបានបាតុភូតរន្ទះបាញ់ស្លាប់ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ខណៈចូលជ្រកភ្លៀងក្រោមដើមឈើ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោងប្រហែល២និង៣០នាទីរសៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិអារញ សង្កាត់សៀមរាប ក្រុងសៀមរាប។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងទៀតថា មានករណីរន្ទះបាញ់មនុស្សស្លាប់២នាក់ នៅចំណុចផ្លូវដីក្រហមទៅភ្នំក្រោមខាងកើតប្រឡាយ ស្ថិតនៅភូមិអារញ សង្កាត់សៀមរាប ក្រុងសៀមរាប ជនរងគ្រោះស្លាប់ ដោយសាររន្ទះបាញ់នោះ ទី១ ឈ្មោះ សាយ ប៊ុនតាន់ ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ ដឹកទឹកសុទ្ធលក់ រស់នៅភូមិត្រៀក សង្កាត់ សៀមរាប ក្រុងសៀមរាប ពាក់អាវពណ៌ត្រាវ ។ ទី២ មិនទាន់ស្គាល់អត្តសញ្ញាណ រង់ចាំក្រុមគ្រួសារសពមកពីព្រែកទាល់ ខេត្តបាត់ដំបង មុខរបរជាអ្នកលក់ឈូក ។

សមត្ថកិច្ចបន្ថែមថា មូលហេតុមកពីជនរងគ្រោះទាំងពីរ ទៅ ជ្រកភ្លៀងនៅរោងសង្ក័សី ក្រោមដើមតាសេកធំមួយដើម ។

បច្ចុប្បន្នសព បុរសទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចដឹកយកមករក្សាទុកនៅវត្តអធ្វា សង្កាត់សៀមរាប ក្រុងសៀមរាប ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ផងដែរថា រដូវនេះជារដូវភ្លៀងធ្លាក់ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងមានការគ្រោះថ្នាក់ជាយថាហេតុ ៕ ប៊ុនរិទ្ធី


ចែករំលែក៖