ព័ត៌មានទាន់ហេតុការណ៍៖

សរសើរទឹកចិត្ត ឌួង ហ្សូរីដា ស្ម័គ្រចិត្តយុទ្ធនាការអភិរក្សសត្វដំរីជិតផុតពូជនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ពិធីការិនីស្រីល្បីឈ្មោះ ឌួង ហ្សូរីដា ត្រូវបានសមាគមអភិរក្សដំរីអៃរាវត្តា តែងតាំងជាអគ្គរដ្ឋទូតសុច្ឆន្ទៈចាប់ពីដើម ខែមិថុនា ឆ្នាំ២០១៩មក ។ នាងបានបង្ហាញវត្តមានដោយការស្ម័គ្រចិត្ត នៅខេត្តរតនគិរី ដោយផ្ទាល់ក្នុងសកម្មភាពផ្សព្វផ្សាយពីការអភិរក្សសត្វដំរីនៅកម្ពុជា ខណៈដំរីគឺជាសត្វដែលកំពុងតែរងនូវភាពជិតផុតពូជដែរ ។

ក្រោយលេចធ្លោរនឹងការងារសិល្បៈជាច្រើន ឆ្នាំ ឌួង ហ្សូរីដា ទទួលបានការកោតសរសើរខ្លាំងពីកិច្ចការងារសង្គមជាច្រើនបន្តបន្ទាប់ ។ ថ្មីៗនេះនាងត្រូវបានសមាគមអភិរក្សដំរីអៃរាវត្តា តែងតាំងជាអគ្គរដ្ឋទូតសុច្ឆន្ទៈ ក្រោយពីបាន

មើល​ឃើញ​ពី​គុណសម្បត្តិ​តាមរយៈ​សកម្មភាព​ចូលរួម និង​ឆន្ទៈ​ចង់​ជួយ​ធ្វើ​កិច្ចការ​ផ្នែក​អភិរក្ស​សត្វ​ដំរី​នៅ​កម្ពុជា ។ ក្នុងកិច្ចការងារសង្គមថ្មីនេះអតីតតារាសម្តែង និង​ពិធីការិនីរូបនេះរួមទាំងពិធីករលោក ហេរ៉ូ បានបង្ហាញវត្តមាននៅតំបន់ព្រៃភ្នំនៃខេត្តរតនគិរីដើម្បីធ្វើការស្វែងយល់បន្ថែមដោយផ្ទាល់ រួមទាំងចូលរួមសកម្មភាពផ្សព្វផ្សាយក្នុងបុព្វហេតុចូលរួមអភិរក្សសត្វដំរីនៅក្នុងប្រទេសកម្ពុជាដែល​កំពុង​តែ​រង​នូវ​ភាព​ជិត​ផុត​ពូជ​ដែរ​ ។

​អ្នកស្រី ខៃ ចិន្តា ប្រធាន​សមាគម​អភិរក្ស​ដំរី​អៃរាវត្តា បានឲ្យ​ដឹង​ថា​កញ្ញ ឌួង ហ្សូរីដាមាន​លក្ខណៈ​គុណសម្បត្តិ​ច្រើន​ដែល​ខាង​យើង​ចាប់​អារម្មណ៍​បាន​ពិចារណា និង​ដាក់​សំណើ​ទៅ​គាត់​សម្រាប់​តំណែង​ជា​អគ្គរដ្ឋទូត​សុច្ឆន្ទៈ​នេះ​ហើយ អ្វី​ដែល​សំខាន់​គឺ​គាត់​មាន​ក្តីស្រឡាញ់ និង​សប្បាយចិត្ត​ជាមួយ​នឹង​កិច្ចការ​សង្គម​មួយ​នេះ បូករួមទាំងការជួយជាថវិកាផ្ទាល់ខ្លួន សកម្មភាពរៃអង្គាសប្រាក់ជួយដល់សកម្មភាពអភិរក្ស និងការលះបង់ពេលវេលាចូលរួមសកម្មភាពមួយនេះជាហូរហែ ។

តបទៅនឹងសំណួរដែលចោទសួរតារាស្រីរូបនេះមូលហេតុអ្វីបានជានាងសម្រេចចិត្តចូលរួមដោយស្ម័គ្រចិត្តក្នុងកិច្ចការនេះនាងបញ្ជាក់ថា ដំរីគឺជាសត្វមួយដែលធំ​ និង​ អាយុវែងជាងគេទាំងអស់ក្នុងចំណោមសត្វស្រុកនិងព្រៃ​ហើយ​ តំណាងនូវសេវ:ល្អ​ ប្រជាប្រិយភាព​ និង​ ជាទីគោរពស្រលាញ់នៃអ្នកផងទាំងពួង ។ ពីក្មេងនាងក៏ធ្លាប់បានស្តាប់ការនិទានរបស់ឪពុកថា​ ដំរីជាសត្វដ៍ស្មោះត្រង់​ តស៊ូ​ អំណត់​ ព្យាយាមរាល់ការងារធ្ងន់ៗ​ ជាពិសេសតែស្រលាញ់និងចូលចិត្តអ្នកណាហើយ​ គឺស្នេហារបស់គេជាស្នេហាអមត: ។

នាងបន្តថាម្តាយនាងធ្លាប់ប្រាប់ថា​ ភ្នែករបស់ឪពុកខ្ញុំ​ តូចៗមាន២គន្លាក់ធំៗដូចសត្វដំរីអញ្ចឹង​ បានន័យថាភ្នែកប៉ាប៉ារបស់កូនដូចភ្នែក​ “ដំរី” ដូច្នេះហើយបានជាឪពុកខ្ញុំស្រលាញ់​ ថ្នាក់ថ្នមម្តាយខ្ញុំនិងកូនៗដ៍ល្អបំផុត ។ ភាពល្អរបស់ឪពុកខ្ញុំ​ បានធ្វើឲ្យម្តាយខ្ញុំរស់នៅជាស្រ្តីម៉េម៉ាយចិញ្ចឹមកូនៗតែម្នាក់ឯងរហូតជិត​ ២០ ឆ្នាំដល់ពេលបច្ចុប្បន្ន​ បន្ទាប់ពីលោកចែកឋានទៅ ។ នាងថាអាចជានិស្ស័យដែលបណ្តាលឲ្យជួបបងស្រី​ ចិន្តា​ ជាប្រធានសមាគមនអៃរាវត្តា​ ក្នុងកម្មវិធីជាច្រើននៃ​ CWEA ហើយនាងពិតជាមានមោទនភាពដែលបានចូលរួមសកម្មភាពសង្គមមួយនេះ៕ វឌ្ឍនា


ចែករំលែក៖