ភ្នំពេញ ៖ កម្លំាងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា (ជិះម៉ូតូឆក់ទូរស័ព្ទដៃ) នៅចំណុចខាងត្បូងផ្សាររាត្រីផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវលេខ១០៨ ភូមិ៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលម៉ោងជាង២រសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ។
ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ស្រ៊ុន លាង អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដមានទីលំនៅផ្ទះជួលផ្លូវលំសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ មិនស្គាល់ ភេទប្រុស អាយុប្រហែល២៩ឆ្នាំ ជនជាតិចិន (មិនបានដាក់ពាក្យបណ្តឹង បន្ទាប់ពីដណ្តើមបានទូរស័ព្ទដៃពីជនសង្ស័យវិញ ហើយដើរចេញទៅបាត់) ។
វត្ថុតាងចាប់យកបានមានម៉ូតូមួយគ្រឿងម៉ាក ICON ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 1C.7708 និងទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន៦ពណ៌មាស (ជារបស់ជនសង្ស័យ) ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បី កសាងសំណុំរឿងចាត់ការបន្ត តាមនីតិវិធី ចំពោះជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន ៕ ជ្រោយពេជ្រ