ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ យ៉ាងអាណោចអាធម័ ខណៈជិះម៉ូតូលឿនមិនប្រយ័ត្នទៅបុករ៉ឺម៉កកាលពីវេលា ម៉ោង៨ និង ៥០នាទីយប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យុវជនរងគ្រោះឈ្មោះ សុខ ហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងកាមេរ៉ា ស្នាក់នៅភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA- 0740 បើកបរក្នុងទិសដៅពីកើតទៅលិច ស្របទិសជាមួយរ៉ឺម៉កសណ្ដោង ដែលបើកបរដោយបុរសម្នាក់ ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះធ្លាយពោះស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ មកធ្វើការវាស់វែងយករ៉ឺម៉កសណ្ដោង និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ