ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ដង្កោ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយពីធ្វើសកម្មភាព លួចកាច់.កម៉ូតូក្នុងបុរីពិភពថ្មី មិនបានសម្រេច កាលពីវេលាម៉ោង ៤ និង១០នាទីរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ២១៧ ភូមិជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើរួមមាន ៖ ទី១ ឈ្មោះសុខ ហ៊ួត អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី២ឈ្មោះ សុី ឌី អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិធី ឃុំកញ្រាច ស្រុកកញ្រាច ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះមានឈ្មោះ ដឹប ពៅ ភេទប្រុសអាយុ២៦ ឆ្នាំមុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលម្ដុំផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមកពីបន្ទប់ជួលរួចបានទុកម៉ូតូនៅមុខផ្ទះកន្លែងធ្វើការក្នុងបុរីពិភពថ្មី ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយដើរចូលទៅកន្លែងធ្វើការបាត់ លុះដល់វេលាម៉ោងកើតហេតុក៏មានជនសង្ស័យ២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ បិតពាក់ស្លាកលេខភ្នំពេញ 1HA-2803 (លេខពិត1HA-2303) មកដើរ លួចកាច់កម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញ1CO-7 504 ប៉ុន្តែមិនបានសម្រេចផង ក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យទាំង២នាក់ភ័យស្លន់ស្លោរ ជិះម៉ូតូរត់គេចខ្លួន ប៉ុន្ដែដោយចៃដន្យកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ កំពុងល្បាតក្បែរកន្លែងកើតហេតុ ក៏ចុះទៅជួយដេញចាប់ជនសង្ស័យទាំង ២នាក់បានភ្លាមៗ រួមជាមួយម៉ូតូរបស់ជនសង្ស័យ និងសម្ភារសម្រាប់កាច់កម៉ូតូមួយចំនួនផងដែរ ។
បច្ចប្បន្ននេះ ជនសង្ស័យទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចខណ្ឌដង្កោកំពុងសួរនាំ និង កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។ ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅដាក់ពាក្យបណ្ដឹង រួចធ្វើកំណត់ហេតុប្រគល់ម៉ូតូទៅឲ្យជនរងគ្រោះវិញ ៕ ភារ៉ា ដង្កោ