ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ កម្ពុជា-សិង្ហបិរី នឹងបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការ ឲ្យកាន់តែខ្លាំង លើគ្រប់វិស័យ

ចែករំលែក៖

សិង្ហបុរី៖ លោកឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសសិង្ហបុរី បានអញ្ជើញជួប ពិភាក្សាការងារ ជាមួយ លោកបណ្ឌិត H.E Dr. Masagos Zulkifli រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធនធានទឹក និង កិច្ចការសាសនាឥស្លាមសិង្ហបុរី ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិ កាលើគ្រប់វិស័យឥស្លាម ជាពិសេសការផ្លាស់ប្ដូរបទពិសោធន៍ និងការរៀបចំបច្ចេកទេសកាន់តែបានល្អប្រសើរនូវនីតិវិធីគ្រប់គ្រងហាជ្ជី (ធម្មយាត្រា) វិស័យហ្សាកាត់ (បរិច្ចាគទ្រព្យ) វិស័យវ៉ាកាហ្វ (ការថែរក្សាទាយជ្ជទាន) និងស្តង់ដាហាឡាល់ ផងដែរ ។

ជំនួបនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃចន្ទ ៨កើត ខែជេស្ន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ មិថុនា ឆ្នាំ២០១៩ នៅសិង្ហបុរី ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្នកំពុងរស់នៅប្រកបដោយ សុខដុមបនីយកម្ម គ្រប់ជាតិសាសន៍ និងសាសនានៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និយាយដោយឡែក សម្រាប់វិស័យឥស្លាម ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាគិតគូរ ប្រកបដោយការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ ។

ក្នុងឱកាសនោះដែរលោក អូស្មាន ហាស្សាន់ ក៏បានអគុណដល់រាជរដ្ឋាភិបាល សិង្ហបុរី ដែលជានិច្ចកាលតែងតែបានចូលរួមក្នុងវិស័យមនុស្សធម៌នៅកម្ពុជា ក៏ដូចជាការផ្តល់អាហាររូបករណ៍រៀងរាល់ឆ្នាំជាច្រើនកន្លែងដល់និស្សិតខ្មែរឥស្លាម ដើម្បីបានបន្តការសិក្សានៅប្រទេស សិង្ហបុរី ហើយលោក ក៏ស្នើឲ្យបន្តកិច្ច សហការផ្តល់ជំនួយមនុស្សធម៌នេះឲ្យកាន់តែច្រើនថែមទៀតផងដែរ ។

លោកបណ្ឌិត H.E Dr. Masagos Zulkifli រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធនធានទឹក និង កិច្ចការសាសនាឥស្លាមសិង្ហបុរី បានចូលរួមអបអរសាទរកម្ពុជា ដែលចូលជាសមាជិកភាព “MABIMS” ដែលជាជំនួបប្រចាំឆ្នាំក្រៅផ្លូវការ​​ថ្នាក់រដ្ឋមន្រ្តី​ទទួ​ល​បន្ទុកកិច្ចការសាសនាឥស្លាម ដែលមានប្រទេសប្រ៊ុយណេដារ៉ូសាឡឹម,ឥណ្ឌូនេស៊ី,ម៉ាឡេស៊ី និងសិង្ហបុរី​ ដែលឆ្នាំនេះ ប្រទេសសិង្ហបុរីជាម្ចាស់ផ្ទះ ។ MABIMS ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៧ សីហា ឆ្នាំ១៩៨៩ នៅបនៅប្រទេសប្រ៊ុយណេដារ៉ូសាឡឹម​ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសាមគ្គីភាព ផ្លាស់ប្តូរបទ​ពិសោធន៍​​ និងដោះ​​ស្រា​យបញ្ហា​​កិច្ច​ការ​​​សាស​​នា​ឥស្លាមទូទៅ ដោយ​​មិនជ្រៀតជ្រែកកិច្ចការនយោបាយផ្ទៃក្នុង ដល់​​ប្រទេសជាសមាជិកណាឡើយ ៕ សំរិត


ចែករំលែក៖