ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយ ដឹកឈើ ពន្លះរបាំងថ្ម ពុះចែកទ្រូងផ្លូវព្រះមុនីវង្ស ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសពីរនាក់ បានបើករថយន្តម៉ាកហុីយ៉ាន់ដាយមួយគ្រឿង ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ បាក់អស់២កង់ រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៣ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ។ ​

បើតាមសម្ដីព្រូរថយន្តបង្ក​ម៉ាក ហុីយ៉ាន់ដាយ ២តោនកន្លះ ពាក់ស្លាកលេខ កំពង់ចាម 3A-3687 រូបគេ និងតៃកុងបានបើករថយន្តដឹកឈើពីស្រុកវិហារសួគ៌ មកខណ្ឌច្បារអំពៅ ដោយធ្វើដំណើរឆ្លងកាត់ផ្លូវព្រះមុនីវង្ស ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏បានគេចនឹងរថយន្តផ្សេងនៅខាងមុខ ជ្រុលទៅបុករថយន្តថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន២កង់តែម្ដង ឯរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះឡើយ ។ ​

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយឃាត់តៃកុង​រថយន្តបង្ក យកទៅកាន់ប៉ុស្ដិ៍នគរបាលបឹងកេងកង៣ ដើម្បីសាកសួរ ។ ចំណែករថយន្តបង្កវិញ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយកទៅរក្សាទុកនៅការ​រិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖