ភ្នំពេញ៖ ទីបំផុតកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ និង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានវែកមុខឃាតកដៃស្រស់ ដែលសម្លាប់ស្រ្តីម្នាក់កាត់សពជាកង់ៗរួចយកទៅបោះចោលនៅទឹកទន្លេបានហើយ បន្ទាប់ពីបានធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់រយៈពេលជាង១សប្តាហ៍គឺតាំងពីថ្ងៃទី៣ ខែ មិថុនា ឆ្នាំ២០១៩មកនោះ ។
មន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ករណីខាងលើនេះ គឺជាករណីឃាតកម្ម គិតទុកជាមុន ដោយឃាតក គឺជាមិត្តភ័ក្ដិរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនកាលពីយប់ ថ្ងៃចន្ទ ៨ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១០ ខែមិថុនាឆ្នាំ ២០១៩ ។
ឃាតករូបនេះ ឈ្មោះ ទឹម សុផល ភេទស្រីអាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ (មានប្តី៥នាក់ ហើយប្តីក្រោយបំផុតជាជនបរទេស) ។ ជននេះរួមនឹងស្វាមីជាជនបរទេស បានរួមដៃគ្នាសម្លាប់ជនរងគ្រោះឈ្មោះ គឹម យ៉ាទៀង ភេទស្រី អាយុ៤០ឆ្នាំ មុខរបរជាងអ៊ុតសក់នៅផ្សារកណ្តាល និងមានទីលំនៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ
យ៉ាងសាហាវឃោឃៅបំផុត ដោយយកកាំបិត កាត់សាកសព ជាបំណែកៗ កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនីរ ពន្លះយកសាច់ រួចច្រកដាក់ស្បោងខ្មៅ យកទៅបោះចោលនៅច្រាំងទន្លេ ផ្លូវព្រះស៊ីសុវត្ថិម្តងបន្តិចៗ ។
តាមការសារភាពរបស់ស្រ្តីជាឃាតករូបនេះបានឲ្យដឹងថា បានជារូបគេនិងស្វាមីហ៊ានប្រព្រឹត្តបែបនេះ ដោយសារតែខ្លួនជំពាក់លុយជនរងគ្រោះច្រើនពេកហើយគ្មានលុយសង ក៏បែកគំនិតដាក់ផែនការសម្លាប់បំបិទដានតែម្តង ។
ការសារភាពនោះក៏បានឲ្យដឹងផងដែរថា មុននឹងសម្លាប់ជនរងគ្រោះ ខ្លួននិងស្វាមីរៀបគម្រោងផែនការ ឲ្យស្រ្តីរងគ្រោះទៅផ្ទះរបស់ខ្លួន ហើយពេលទៅដល់ខ្លួនគេដាក់ថ្នាំសណ្តំក្នុង ទឹកមួយកែវឲ្យជនរងគ្រោះផឹក ។ ពេលផឹករួចជនរងគ្រោះសន្លប់ ទើបខ្លួនគេនិងស្វាមី យកកាំ បិត កាត់ក្បាល ដៃ ជើង វះពោះ ពុះឆ្អឹងជំនីរ ពន្លះយកសាច់ រួចច្រកដាក់ថង់ប្លាស្ទិកពណ៌ខ្មៅ តូចៗ ជាច្រើនថង់ រួចយកទៅក្លាស្សេក្នុងធុងទឹកកកមួយទំហំ ជិត១ម៉ែត្រ៤ជ្រុងពណ៌ក្រហមនៅផ្ទះបាយ ដើម្បីកុំឲ្យស្អុយងាយស្រួលគេ យកទៅបោះចោលដូចសំរាម និងដើម្បីបន្លំភ្នែកសមត្ថកិច្ចផង ។
ស្រ្តីជាឃាតកបានសារភាពទៀតថា ចាប់ពីថ្ងៃសម្លាប់មិត្តភក្តិនាថ្ងៃទី៣ខែមិថុនា ឆ្នាំ២០១៩ នោះមក ខ្លួនគេនិងស្វាមីបានយកបំណែកសពដែលក្លាស្សេក្នុងធុងទឹកកមិនឲ្យស្អុយ យកទៅបោះចោលនៅទន្លេមុខព្រះបរមរាជវាំង បន្តិចម្តងៗ ហើយមិនទាន់បោះចោលអស់ផង នៅថ្ងៃទី៩ ខែមិថុនា ក៏ត្រូវបែកធ្លាយដោយបំណែកកញ្ចប់សពអណ្តែតមកទើរលើច្រាំងទន្លេបង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនគេបានតែម្តង។ ចំណែកប្តីជាជនជាតិបរទេ សដែលរួមដៃគ្នាសម្លាប់ជនរងគ្រោះនោះបានគេចខ្លួនបាត់ ។
យ៉ាងណាក្នុងអំពើឃាតកម្មយ៉ាងសាហាវនេះ ត្រូវបានមន្ត្រីកងរាជអាវុធអះអាងថាសមត្ថកិច្ចកំពុងតាមស្រាវជ្រាវចាប់ខ្លួនបុរសជាប្តីជនជាតិបរទេសនោះយក មកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ។
សូមបញ្ជាក់ថា ជនរងគ្រោះបានបាត់ចេញពីផ្ទះកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩មិនដឹងទៅណា។ ការបាត់ខ្លួននេះធ្វើឲ្យ កូនស្រីរបស់គាត់រៀបរាប់តាមរយៈបណ្តាញ Facebook ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់គាត់បានទៅផ្ទះមិត្តភ័ក្តិ (ម្តុំផ្សារកណ្តាល) ជាផ្ទះដែលជំពាក់លុយគាត់ និងមានការរាប់អានគ្នាផង និងបាននាំកូនតូចរបស់ម្ចាស់ផ្ទះនោះ អាយុប្រហែល៧ឆ្នាំ ទៅដេកផ្ទះរបស់គាត់នៅទួលសង្កែ១យប់។
រហូតដល់ម៉ោង៩ព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់នាងយកម៉ូតូធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១៩០៥ (មិនចាំពីមុខអក្សរ) ដឹកកូនតូចត្រឡប់ទៅផ្ទះរបស់គាត់វិញ ហើយក៏បាត់រហូតតែម្តង ៕ ជ្រោយពេជ្រ