ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាលបានឲ្យដឹងថា អាជីវកម្មរណ្ដៅដីខុសបទដ្ឋានបច្ចេកទេសរបស់ឈ្មួញឈ្មោះ ជា កុយ កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់អ្នកភូមិកាន់តែខ្លាំងឡើងៗ ហើយគ្មានមន្ត្រីអាជ្ញាធរឬមន្ត្រីជំនាញណាចាត់វិធានការទប់ស្កាត់នោះទេ។ លើសនេះទៅទៀតឈ្មួញឈ្មោះ ជា កុយ ដែលអាងមានលុយច្រើនបានធ្វើការគំរាមកំហែងទៅលើអ្នកសារព័ត៌មានដែលហ៊ានចុះផ្សាយរឿងអាស្រូវរបស់ខ្លួនទៀតផង ដោយយកប្រជាពលរដ្ឋមួយចំនួនធ្វើជារបាំងយ៉ាងគឃ្លើន។
ជុំវិញបញ្ហានេះប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក យិន រដ្ឋា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល ទេនោះគឺឈ្មួញឈ្មោះ ជា កុយ មិនអាចធ្វើអាជីវកម្មរណ្ដៅដីទំហំរាប់ហិកតានៅភូមិត្រពាំងត្នោត ឃុំម្កាក់ យ៉ាងរលូនដូចសព្វថ្ងៃនេះឡើយ។
ប្រភពដែលស្និទ្ធនឹងឈ្មួញឈ្មោះ ជា កុយ បានបង្ហើបឲ្យដឹងថា ឈ្មួញម្នាក់នេះ កំពុងយកប្រជាពលរដ្ឋមួយចំនួនតូចនៅភូមិត្រពាំងត្នោត ដើម្បីបិទបាំងអាជីវកម្មរណ្ដៅដីរបស់ខ្លួនយ៉ាងក្រអឺតក្រទម ហើយតែងយកឈ្មោះលោក យិន រដ្ឋា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្ដាល មកការពារសកម្មភាពរបស់ខ្លួនទៀតផង។ តាមរយៈការធ្វើអាជីវកម្មរណ្ដៅដីក្រោមលេសស្ដារត្រពាំងនៅក្នុងភូមិត្រពាំងត្នោត គឺឈ្មួញឈ្មោះ ជា កុយ អាចប្រមូលលុយបានរាប់សិបម៉ឺនដុល្លារយកធ្វើមានធ្វើបានផ្ទាល់ខ្លួន ហើយបែងចែកមួយផ្នែកណានោះទៅមន្ត្រីជំនាញនិងមន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
ឥឡូវនេះត្រពាំងដែលមានទំហំជិត៥ហិកតាក្នុងភូមិត្រពាំងត្នោត បានក្លាយទៅជាទីតាំងរណ្ដៅដីរបស់ឈ្មួញឈ្មោះ ជា កុយ ហើយឈ្មួញម្នាក់នេះអាចរកខ្នងបង្អែកបានកាន់តែរឹងមាំដើម្បីការពារផលប្រយោជន៍របស់ខ្លួនទៀតផង។
មេឃុំម្កាក់ និងអភិបាលស្រុកអង្គស្នួល ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា សម្ងំទទួលផលប្រយោជន៍ពីឈ្មួញឈ្មោះ ជា កុយ ទើបបណ្ដោយឲ្យឈ្មួញម្នាក់នេះធ្វើអ្វីៗតាមអំពើចិត្ត ហើយចេញមុខការពារឈ្មួញឈ្មោះ ជា កុយ ដោយគ្មានសេចក្ដីអៀនខ្មាសអ្វីឡើយ។
ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏ដូចជាលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ចាត់វិធានការទប់ស្កាត់អាជីវកម្មរណ្ដៅដីមិនប្រក្រតីរបស់ឈ្មួញឈ្មោះ ជា កុយ ជាបន្ទាន់ព្រោះលោក យិន រដ្ឋា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្ដាល គឺជាអ្នកឃុបឃិតឲ្យឈ្មួញឈ្មោះ ជា កុយ ធ្វើអ្វីៗស្រេចតែអំពើចិត្ត។
ប្រជាពលរដ្ឋក្នុងឃុំម្កាក់ ស្រុកអង្គស្នួល បានឲ្យដឹងថា កន្លងមកក្រុមការងាររបស់ក្រសួងរ៉ែនិងថាមពល បានចុះចាត់វិធានការផ្អាកសកម្មភាពជីករណ្ដៅដីរបស់ឈ្មួញឈ្មោះ ជា កុយ ២លើករួចមកហើយ ប៉ុន្តែដោយសារមានខ្នងបង្អែករឹងមាំទើបឈ្មួញឈ្មោះ ជា កុយ នៅតែបន្តសកម្មភាពដោយគ្មានញញើតអ្វីទាំងអស់៕ ហេង នរិន្ទ្រ