ខេត្តបាត់ដំបង ៖ កម្លាំងស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត បានបំបែកសំណុំរឿងឃាតកម្មសម្លាប់មិត្តភក្តិរបស់ខ្លួនឯងក្នុងវង់ផឹកស៊ី ដើម្បីប្លន់យកទ្រព្យសម្បត្តិដោយឃាត់ខ្លួនជនសង្ស័យ២នាក់ ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃចន្ទ ៨ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្ត និងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ សហការជាមួយសមត្ថកិច្ចនគរបាលនាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ស្រុករុក្ខគិរី ស្រុកគាស់ក្រឡ និងស្រុកសំឡូត ដោយបាន ធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការឃាត់ខ្លួនបានជន សង្ស័យជាបុរសចំនួន២ នាក់ ដែលជាជនដៃដល់ក្នុងករណីសម្លាប់មិត្តភក្តិរបស់ខ្លួនក្នុងវង់ផឹកស៊ី ដើម្បីប្លន់ យកទ្រព្យសម្បត្តិកាលពីយប់ថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០១៩ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១៩ មានការភ្ញាក់ផ្អើលមួយនៅក្នុង ក្រុមទី១២ភូមិរកាឈ្មោល ឃុំគារ ស្រុក មោងឫស្សី ខេត្តបាត់ដំបង ដោយប្រជា ពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតក្នុងទឹកស្រះមួយកន្លែង ហើយបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន។បន្ទាប់មក សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យលើសាកសព និង ស្រាវជ្រាវជំហានដំបូងទើបដឹងថា ជនរង គ្រោះមានឈ្មោះ ម៉ិល សុខុម ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិប្រឡាយស្តៅ ឃុំតាលាស់ ស្រុក មោងឫស្សី ខេត្តបាត់ដំបង មានមុខរបរ មិនពិតប្រាកដ និងមានស្លាកស្នាមរបួសនៅផ្នែកក្បាលដោយអន្លើផង។ ជាមួយនឹងការបាត់បង់ជីវិតនេះ ក៏បានដឹងផងដែរថា ទ្រព្យសម្បត្តិជាប់នឹងខ្លួនមួយចំនួនដូចជាម៉ូតូ និងទូរស័ព្ទដៃជារបស់ជន រងគ្រោះក៏ត្រូវបាត់បង់។
ចាប់ផ្តើមពីចំណុចនេះ និងអនុវត្តនូវ បទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលបាន បើកការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់រហូតកំណត់បាននូវមុខសញ្ញាសង្ស័យក្នុងករណីនេះ។
ក្រោយពេលធ្វើការកំណត់អំពីមុខ សញ្ញាដែលពាក់ព័ន្ធក្នុងករណីនេះ លោក បានសហការ ធ្វើការស្រាវជ្រាវលើភូមិ សាស្រ្តស្រុកចំនួន០៤គឺស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ និងស្រុក សំឡូត ហើយរហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩ ជនស័ង្សយត្រូវបានឃាត់ខ្លួនក្នុងភូមិសាស្រ្តស្រុកគាស់ក្រឡ បន្ទាប់ពីពួកគេបានគេចខ្លួនចូលដល់ភូមិសាស្រ្តស្រុកសំឡូតរួចមក។
ជនស័ង្សយចំនួន០២នាក់នោះគឺ ១-ឈ្មោះ ណែត សុបិន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិរកាឈ្មោល ឃុំគារស្រុក មោងឫស្សី ខេត្តបាត់ដំបង។ ២-ឈ្មោះ ឯក ស៊ីណាត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានសម្លាប់មិត្ត ភក្តិរបស់ខ្លួនឈ្មោះ ម៉ិល សុខុម កាលពីថ្ងៃ ទី៧ ខែមិថុនា ឆ្នាំ២០១៩ ក្នុងពេលបបួលមកផឹក ស៊ីដើម្បី ប្លន់យកទ្រព្យសម្បត្តិពិតប្រាកដមែន។ ក្នុងពេលនោះពួកគេប្រើប្រាស់ញញួរនិងដែកវាយក្បាលសម្លាប់ ហេីយ សែងទម្លាក់ចូលទឹកស្រះក្នុងភូមិ ក្បែរកន្លែងកើតហេតុមុនពេលពួកគេរត់គេចខ្លួនពីមូលដ្ឋាននេះ។
លោកឧត្តមសេនីយ៍ត្រីបន្តថា ប្រតិបត្តិការបង្រ្កាបនេះសមត្ថកិច្ច ដកហូតបាន (ម៉ូតូចំនួន ០១គ្រឿង ដែលជារបស់ជនរងគ្រោះគឺម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៦ ទូរស័ព្ទដៃម៉ាកសាំស៊ុងចំនួន ២គ្រឿង បន្ទះ ស្លាកលេខម៉ូតូចំនួន១មានលេខ… 1X-1539 ព្រមទាំងញញួរ ដែកនិងកាំបិតផង។
ជនសង័្សយទាំងពីរនាក់នេះកំពុងធ្វើការស្រាវជ្រាវបន្តដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការ តាមច្បាប់៕ ប្រាថ្នា