ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ផែង​ វណ្ណៈ​ ធ្វើ​លិខិត​សុំ​ទោស​សម្តេចតេជោ​ ហ៊ុន​ សែន​ សុំ​បាន​ចេញ​ពី​ពន្ធនាគារ​ជួបជុំ​គ្រួសារ​និង​ព្យាបាល​ជំងឺ​

ចែករំលែក៖

ភ្នំពេញ​៖​ នៅ​ថ្ងៃទី​១៤​ ខែ​មិថុនា​ ឆ្នាំ២០១៩​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក​ ផែង​ វណ្ណៈ​ អ្នក​លេង​ហ្វេសប៊ុក​ដ៏​ល្បីល្បាញ​មួយ​រូប​ ពាក់ព័ន្ធ​បទល្មើស​បរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍​ តាម​បណ្តឹងលោក​ គី​ តិច​ ​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃ​កម្ពុជា​ ។

ចន្លោះ​ពេល​នេះ​ លោក​ ផែង​ វណ្ណៈ​ ដែល​បច្ចុប្បន្ន​ជាប់​ពន្ធនាគារ​ជាង​៣ខែ​មក​ហើយ​ បាន​ធ្វើ​លិខិត​ជា​សាធារណៈ​សុំទោស​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃ​កម្ពុជា​ សុំ​បាន​ចេញ​ពី​ពន្ធនាគារ​ជួបជុំ​គ្រួសារ​និង​ព្យាបាល​ ។ (អានលិខិតសុំទោសបន្ថែម)

ទោះបី​យ៉ាងណា​ ការ​សម្រេច​បែបណា​នោះ​ ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ជំនុំជម្រះ​ ព្រោះ​តុលាការ​ជា​អំណាច​ឯករាជ្យ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​ស្ថាប័ន​ណាមួយ​ឡើយ​ ។

សូម​បញ្ជាក់​ថា​ មជ្ឈដ្ឋាន​ជាច្រើន​ នៅ​ចាំ​បានថា​ លោក​ ផែង​ វណ្ណៈ​ អ្នក​លេង​ហ្វេសប៊ុក​ដ៏​ល្បីល្បាញ​មួយ​រូប​ ត្រូវ​ជាប់​ពន្ធនាគារ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ មាន​រយៈពេល​ជាង​៣ខែមកហើយ​ ដោយសារតែ​ការ​លូក​ដៃ​ចូលជួយ​ករណី​កញ្ញា​ យិន​ ឃុនម៉ី​ ហៅម៉ាណា​ កូនស្រី​អ្នក​មាន​ស្តុកស្តម្ភ​មួយ​រូប​នៅ​ខេត្ត​សៀមរាប​ ដែល​បើក​រថយន្ត​យ៉ាង​ព្រហើន​បុក​និស្សិត​ស្រី​ ឌុំ​ រីដា​ ស្លាប់​យ៉ាង​អាណោចអាធ័ម​ ។

ដំបូង​ឡើយ​ លោក​ ផែង​ វណ្ណៈ​ បាន​ដើរ​តួនាទី​ជំនួស​ឳពុក​ជនបង្ក​ ចូល​បច្ច័យ​បុណ្យ​សព​និស្សិត​ស្រី​ ឌុំ​ រីដា​ រហូត​មាន​ការ​រិះគន់​ជា​បន្តបន្ទាប់​ ។

ដោយសារ​តែ​ទប់​សម្តី​ខ្លួនឯង​មិនបាន​ លោក​ ផែង​ វណ្ណៈ​ បាន​សរសេរ​ករណី​ចូល​បុណ្យ​សព​និស្សិត​ស្រី​ ឌុំ​ រីដា​ ប្រៀបធៀប​កាលដែល​សម្តេចតេជោ​ ហ៊ុន​ សែន​ ចូល​បុណ្យ​សព​លោក​បណ្ឌិត​ កែម​ ឡី​ ទើប​កកើត​ជា​បណ្តឹង​ព្រហ្មទណ្ឌ​ ដែល​ប្តឹង​ដោយ​ លោក​ គី​ តិច​ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ តែម្តង​ ។

ទោះបី​យ៉ាងណា​ ពេល​នេះ​មេភ្លើង​ កញ្ញា​ យិន​ ឃុនម៉ី​ ហៅម៉ាណា​ ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ហើយ​ បន្ទាប់​ពី​តុលាការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​១ឆ្នាំ​ តែ​អនុវត្ត​ក្នុង​ពន្ធនាគារ​តែ​២ខែ​ប៉ុណ្ណោះ​ ។

មជ្ឈដ្ឋាន​ជាច្រើន​ ទន្ទឹង​រង់ចាំ​មើល​ថា​ តើលោក​ ផែង​ វណ្ណៈ​ ដែល​ទទួល​បាន​ការ​កោតសរសើរ​ច្រើន​គួរសម​ដែរ​ ពី​សំណាក់​មហាជន​ អាចមាន​វាសនា​ល្អ​ ​ទទួល​បាន​ការ​កាត់ទោស​តម្រឹម​ ដូច​ យិន​ ម៉ាណា​ ហើយ​ត្រូវ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ដែរឬទេ​ ? ។

តុលាការ​ បាន​សម្រេច​ចោទប្រកាន់​លោក​ ផែង​ វណ្ណៈ​ ចំនួន​២បទល្មើស​ ដែល​អាច​ប្រឈម​មុខ​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​២ឆ្នាំ​ ។

លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ធ្លាប់​ថ្លែង​តាម​បណ្ដាញ​សង្គម​ Telegram ​ ថា​”ក្រោយពីបានពិនិត្យសំណុំរឿងនិងការសាកសួរចម្លើយលើឈ្មោះ ផែង វណ្ណៈ​ រួចមក តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បរិហារកេរ្តិជាសាធារណៈនិងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។

បទល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ តាម​មាត្រា​៤៩៤និង​៤៩៥នៃ​ក្រម​ព្រហ្មទណ្ឌ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​ពី​៦ខែ​ទៅ​២ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​១លាន​រៀល​ទៅ​៤លាន​រៀល​ ។

បទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ​ តាម​មាត្រា​៣០៥នៃ​ក្រម​ព្រហ្មទណ្ឌ​ កំណត់​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី​១សែន​រៀល​ទៅ​១០លាន​រៀល​ ៕ ចេស្តា


ចែករំលែក៖