អាមេរិកបានបង្កើនទណ្ឌកម្មទៅលើ ប្រទេសអីុរ៉ង់ និងឡោមព័ទ្ធអីុរ៉ង់ដោយកម្លាំងយោធា ប៉ុន្តែអីុរ៉ង់មិនខ្វាយខ្វល់ពីសកម្មភាព របស់អាមេរិកនោះឡើយដោយបង្កើនការផលិតមីស៊ីល និងបរមាណូ ក៏ដូចជាការខិតខំអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។
មេដឹកនាំជាន់ខ្ពស់អីុរ៉ង់លោក Ali Kha menei បានបញ្ជាក់ថា នឹងមិនបោះបង់កម្ម វិធីមីស៊ីល និងបរមាណូនោះឡើយ ហើយអីុរ៉ង់នឹងមិនធ្លាក់ចូលក្នុងអន្ទាក់ គឺសំណើពិភាក្សាជាមួយអាមេរិក របស់ប្រធានាធិបតី ដូណាល់ ត្រាំ ឡើយ។
មេដឹកនាំជាន់ខ្ពស់អីុរ៉ង់ លោក Ali Khamenei កាលពីថ្ងៃទី៤ ខែមិថុនា បានប្រកាសបែបនេះក្រោយពេល លោកត្រាំស្នើពិភាក្សាបន្ទាប់ពីប្រទេសទាំងពីរឈានដល់ដំណាក់កាលប្រឈមមុខតានតឹងបំផុត ក្រោយរយៈពេល១ឆ្នាំដែល លោកត្រាំ ដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ ជាមួយអីុរ៉ង់ ។
លោក Ali Khamenei បានបន្តទៀតថា អាមេរិក នឹងមិនអាចលុបបំបាត់សមត្ថភាព ផលិតមីស៊ីលរបស់អីុរ៉ង់បានឡើយ ហើយអាមេរិកក៏មិនអាចផ្លាស់ប្តូររបបដឹកនាំរបស់ អីុរ៉ង់នោះដែរ ។ លោក Ali Khameneiបញ្ជាក់ទៀតថា អាមេរិក បានដាក់ទណ្ឌកម្ម បង្កផលលំបាកយ៉ាងខ្លាំងដល់ពលរដ្ឋអីុរ៉ង់ ដូច្នេះ រដ្ឋាភិបាលអីុរ៉ង់ចាំបាច់ត្រូវតែកែទម្រង់ សេដ្ឋកិច្ចជាសំខាន់ ដើម្បីជួយដល់ជីវភាពរស់នៅរបស់ពលរដ្ឋឲ្យកាន់តែប្រសើរ ។
កន្លងមកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា កិច្ចព្រមព្រៀងបរមាណូអីុរ៉ង់ ដែលចុះហត្ថលេខាដោយអតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា គឺមិនមានប្រសិទ្ធភាព នោះឡើយ ដោយមិនបូកបញ្ចូលទាំងកម្មវិធីបរមាណូ ក៏ដូចជាតួនាទីរបស់អីុរ៉ង់នៅតំបន់មជ្ឈិមបូព៌ា ។
កន្លងមក អីុរ៉ង់បានចាត់ទុកទណ្ឌកម្ម របស់អាមេរិកគឺជាសង្គ្រាមសេដ្ឋកិច្ច ហើយមិនមានការចរចាជាមួយសហរដ្ឋអាមេរិកទេ រហូតដល់ទណ្ឌកម្មត្រូវបានដកចេញ ពោលគឺមួយថ្ងៃគត់បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានលើកឡើងថា ខ្លួនអាចរៀបចំកិច្ចចរចាដោយគ្មានបុរេលក្ខខណ្ឌ ប្រសិនបើ អីុរ៉ង់ផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ។
រដ្ឋមន្ត្រីការបរទេសអីុរ៉ង់ លោកម៉ូហាម៉ាត់ ចាវ៉ាត ហ្សារីហ្វ បានសរសេរនៅលើ Twitter អមជាមួយវីដេអូឃ្លីបនៃស្ត្រីម្នាក់ ដែលនិយាយថា ជើងសិប្បនិមិត្ត ដែលកូនប្រុសគាត់ត្រូវការត្រូវបានដាក់ទណ្ឌកម្មយ៉ាង ដូច្នេះថា “ភេរវកម្មសេដ្ឋកិច្ចលើអីុរ៉ង់បានផ្តោតគោលដៅទៅលើជនស៊ីវិលស្លូតត្រង់។ ដូចក្មេងប្រុសតូចម្នាក់នេះអ៊ីចឹង ម្តាយខូចចិត្តរបស់ក្មេងនេះមិនអាចទទួលបានជើងសិប្បនិមិត្តសម្រាប់កូនប្រុសទេ នៅពេល កូនធំដឹងក្តី។ ជើងសិប្បនិមិត្តត្រូវបានដាក់ ទណ្ឌកម្ម” ។
លោកហ្សារីហ្វបានបន្ថែមនៅក្នុង Twitter ថា “នេះគឺជាសង្គ្រាមសេដ្ឋកិច្ចរបស់ ដូណាល់ ត្រាំ ។ ហើយសង្គ្រាម និងការចរចា ទោះមានឬគ្មានបុរេលក្ខខណ្ឌ គឺមិនស៊ីគ្នានោះទេ” ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ៃក៍ ប៉ុមប៉េអូ បាននិយាយកាលពីថ្ងៃអាទិត្យ ទី២ មិថុនាថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនដើម្បីចូលរួមចរចាជាមួយអីុរ៉ង់ដោយគ្មានបុរេលក្ខខណ្ឌអំពីកម្មវិធីនុយក្លេអ៊ែរ របស់អីុរ៉ង់ ប៉ុន្តែត្រូវឃើញប្រទេសនេះ ប្រព្រឹត្តដូច “ប្រទេសជាតិធម្មតាដទៃទៀត” ជាមុនសិន ។
ភាពតានតឹងរវាងសត្រូវទាំងពីរបានកើនឡើងកាលពីខែមុន ពោលគឺមួយឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយរវាងអ៊ីរ៉ង់ នឹងមហាអំណាចពិភពលោកដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ របស់អីុរ៉ង់ ជាថ្នូរនឹងការដកទណ្ឌកម្ម ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មកាលពីឆ្នាំមុន និងរឹតបន្តឹងអីុរ៉ង់យ៉ាងខ្លាំងនៅដើមខែនេះដោយបញ្ជាឲ្យ ប្រទេសទាំងអស់បញ្ឈប់ការនាំចូលប្រេង របស់អីុរ៉ង់ ។ អាមេរិកក៏បានព្រលយផង ដែរអំពីការប្រឈមមុខដាក់គ្នាផ្នែកយោធាដោយបញ្ជូនកងកម្លាំងបន្ថែមទៅតំបន់ មជ្ឈិមបូព៌ាដើម្បីប្រឆាំងនឹងអ្វីដែលខ្លួន ពណ៌នាថា ជាការគំរាមកំហែងពីអីុរ៉ង់ ។
សម្រាប់អីុរ៉ង់វិញគឺបានឆ្លើយតបដោយគំរាមបង្កើនផលិតកម្មអ៊ុយរ៉ានីញ៉ូមបន្ថែមពីលើដែនកំណត់នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើទោះបីជាមិនទាន់បានធ្វើដូច្នេះក៏ដោយ ។
ភាគីទាំងពីរបានធ្វើការកត់សម្គាល់ម្តងហើយម្តងទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ថ្មីៗនេះអំពីលទ្ធភាពចរចាដើម្បីដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេ ដោយនិយាយ ថា ភាគីម្ខាងទៀតត្រូវធ្វើសកម្មភាពជាមុនសិន ។
នៅពេលនេះដែរអាមេរិកបានបញ្ជូន នាវាផ្ទុកយន្តហោះ យ៉ាងប្រញាប់ប្រញាល់ទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីទប់ទល់ការគំរាមកំហែងរបស់អីុរ៉ង់គឺនៅស្ថិតនៅខាងក្រៅឈូងសមុទ្រពែក្សនៅឡើយទេរហូតមកដល់ពេលនេះដោយជៀសវាងការ ប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងឆ្មាំ បដិវត្តន៍អីុរ៉ង់ ស្របពេលមានកិច្ចប្រឹង ប្រែងដើម្បីកាត់បន្ថយភាពតានតឹងរវាងរដ្ឋាភិបាលក្រុងតេអេរ៉ង់ នឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ។
ក្រុមមន្ត្រីដែលស្ថិតនៅលើនាវាផ្ទុក យន្តហោះអាមេរិក USS Abraham Lincoln នេះបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានAP កាលពីថ្ងៃចន្ទទី៣មិថុនាថា ពួកគេ(កងទ័ពអាមេរិក)អាចឆ្លើយតបយ៉ាងរហ័សចំពោះការគំរាមកំហែងក្នុងតំបន់ចេញពីទីតាំងរបស់ពួកគេ ដោយសារពួកគេស្ថិតនៅប្រហែល៣២០គីឡូម៉ែត្រនៅឯនាយឆ្នេរសមុទ្រនៃប្រទេសអូម៉ង់ នៅសមុទ្រអារ៉ាប់ ។
ទោះជានាវាផ្ទុកយន្តហោះអាមេរិកច្រើនគ្រឿងធ្លាប់ធ្វើនាវាចរណ៍អស់ជាច្រើទសវត្សរ៍ កាត់ច្រកសមុទ្រHormuz ដែលជាចក្រ សមុទ្រតូចនៃសមុទ្រពែក្ស ដែល១ភាគ៣នៃពាណិជ្ជកម្មប្រេងទាំងអស់ឆ្លងកាត់សមុទ្រនេះ ក៏កងទ័ពជើងទឹកអាមេរិកសម្រេចចិត្តរក្សាទុកនាវាផ្ទុកយន្តហោះUSS Abraham Lincoln នេះនៅឆ្ងាយពីវាបន្តិច ។
មេបញ្ជាការនៃនាវាអាមេរិកនេះ បាន និយាយប្រាប់សារព័ត៌មានAPថា «យើងមិនចង់ធ្វើអ្វីមួយឲ្យមានភាពតានតឹងនោះទេ» ។
កាលពីខែឧសភា សេតវិមានបានបញ្ជូននាវាផ្ទុកយន្តហោះនេះ និងយន្តហោះ ទម្លាក់គ្រាប់បែកB-52ទៅកាន់ឈូង សមុទ្រពែក្ស។ សហរដ្ឋអាមេរិកក៏មាន គម្រោងបញ្ជូនទាហានបន្ថែមចំនួន៩០០នាក់ផងដែរទៅតំបន់មជ្ឈិមបូព៌ា និងពង្រីកការបោះទីតាំងនៃកងទ័ពចំនួន៦០០នាក់ផ្សេងទៀត ខណៈដែលទាហានរាប់ម៉ឺននាក់ផ្សេងទៀតបានមានវត្តមាននៅលើដីគោក នៅទូទាំងតំបន់នោះផងដែរ៕ ធី រីណា