ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលបានចុះឆែកឆេរ ផ្ទះមួយកន្លែង រកឃើញអាវុធខ្លី២ដើម មាន៥០គ្រាប់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ និងឃាត់ខ្លួនមនុស្ស៣នាក់ ។ គួររំលឹកថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តសៀមរាប បានបង្ក្រាបករណីនាំចេញ នាំចូល និងឆ្នៃអាវុធ គ្រាប់រំសេវខុសច្បាប់ ដោយបានឃាត់់ខ្លួនមនុស្ស៣នាក់ផងដែរ ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋ សមត្ថកិច្ចក៏សួរដេញដោលគាត់ ក៏បានព័ត៌មានភ្លាមរួចចុះទៅឆែកឆេរភ្លាមៗ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ។
លោកបានបន្ដថា ជាលទ្ធផលសមត្ថកិច្ចដកហូតបានកាំភ្លើងខ្លីពីរដើម៖ ម៉ាកRETAY X Pro ពណ៌ខ្មៅ លេខRXFYC- ១៨១០០៤០៩៥ និងបង់ចំនួន០១ ។ ម៉ាកG-Lock ពណ៌ខ្មៅ លេខDMD០៧៦។ គ្រាប់ពិតចំនួន៥០គ្រាប់។អាវុធចំនួន២ដើមខាងលើ និងគ្រាប់ចំនួន៥០គ្រាប់បានបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី ៕ ប៊ុនរិទ្ធី