ខេត្តពោធិ៍សាត់៖ វាជារឿងគួរឲ្យអស់សំណើចដូចអាជៃ ចាំផ្ទះ ដែលសមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់បណ្តើរគ្នាត្រសងចុះទៅស្រាវជ្រាវបទល្មើសព្រៃឈើ ដែលសារព័ត៌មានបានផ្សព្វផ្សាយអំពីករណីចែភក្តិ រកស៊ីដឹកឈើខុសច្បាប់ ។ ពេលទៅដល់ផ្ទះចែភក្តិ មិនបានជួបម្ចាស់ផ្ទះ ក៏ត្រឡប់មកវិញ ហើយធ្វើកំណត់ហេតុ ស្តីពីការចុះស្រាវជ្រាវ រកបទល្មើសព្រៃឈើនៅផ្ទះចែភក្តិ និងប្តីឈ្មោះ ណាក់ ។ ការដែលគ្រាន់តែទៅអឺតមុខផ្ទះ ហើយបញ្ជាក់នៅក្នុងរបាយការណ៍ថា ចុះស្រាវជ្រាវនោះ ដូចជាមិនទំនងទេមើលទៅ? អ្វីទៅដែលហៅថា ចុះស្រាវជ្រាវនោះ ។
កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើ៤នាក់ បានចុះទៅលំនៅឋានរបស់ចែ ភក្តិ ស្ថិតនៅភូមិក្រូចឆ្មា ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ តាមការណែនាំរបស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ដើម្បីចុះស្រាវជ្រាវករណីស្ត្រីខាងលើ និងប្តីឈ្មោះណាក់ ជាប់ពាក់ព័ន្ធនឹងរបររកស៊ីឈើខុសច្បាប់ ។ នៅក្នុងកំណត់ហេតុ បានបញ្ជាក់ថា ក្រុមការងារបានចុះទៅដល់ផ្ទះចែភក្តិ ផ្ទាល់ ប៉ុន្តែមិនបានជួបទេ ដោយជួបអ្នកជិតខាង ។ ម្តាយរបស់ចែភក្តិ បានប្រាប់ថា កូនរបស់គាត់ បានទៅភ្នំពេញ បាត់ហើយ ។
ការចុះស្រាវជ្រាវបញ្ហាបទល្មើសព្រៃឈើនេះដោយមានការចង្អុលបង្ហាញពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ។
ចែភក្តិ បានអះអាងប្រាប់ភ្នាក់ងារកាសែតនគរវត្តថា គាត់ពិតជារកស៊ីដឹកកូនក្រឡឹងតិចតួចមែន មិនមានអ្វីទ្រង់ទ្រាយធំទេ ហើយអ្នកនៅស្រុកភ្នំក្រវាញ នរណាក៏រកស៊ីដឹកជញ្ជូនឈើដែរ «ដូច្នេះ ពូកាសែតឯង ចុះផ្សាយគេផងទៅ» ហើយរូបភាពដែលយកទៅចុះផ្សាយនោះ មិនមែនជារូបភាពនៃការរកស៊ីដឹកឈើទេ ។
គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ ចែ ភក្តិ មានពាក់ព័ន្ធនឹងរបររកស៊ីដឹកឈើជាមួយជនជាតិចិន ហើយថែមទាំងនាំបុរសជនជាតិចិននោះចូលទៅច្រៀងខារ៉ាអូខេថែមទៀតផង ។ បើតាមប្រភពបានឲ្យដឹងថា ពួកជនជាតិចិន បាននិងកំពុងមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយចែភក្តិ ដើម្បីប្រតិបត្តិការដឹកឈើខុសច្បាប់ ។ មន្ត្រីរដ្ឋបាលព្រៃឈើ បានត្រឹមតែទៅអើតឈ្ងក មុខផ្ទះចែភក្តី ហើយដឹកដៃគ្នាត្រឡប់មកវិញ ធ្វើកំណត់ហេតុជូនថ្នាក់លើតែប៉ុណ្ណោះ ។ គេមិនដឹងថា ជាគោលការណ៍ស៊ើបអង្កេតស្រាវជ្រាវរបស់ក្រសួងកសិកម្ម ក៏ដូចជាអគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើដូចដែលមន្ត្រីមេព្រៃប៉ុន្មាននាក់បានធ្វើចំពោះចែភក្តិ នោះឬយ៉ាងណាទេ ៕ ហេង សូរិយា