ព័ត៌មានទាន់ហេតុការណ៍៖

រើសឈើជ្រុងបំណងយកទៅផ្ទះ ត្រូវជនសង្ស័យដណ្តើមយក វាយបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន១នាក់ដណ្តើមឈើជ្រុងពីជនរងគ្រោះរួច វាយពីក្រោយបណ្តាលដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ តែត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកាសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ កម្លាំងផ្នែកជំនាញរបស់ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួន កាលពីវេលាម៉ោង១៥ និង៥០នាទី ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុច តាមផ្លូវលំមុខផ្ទះគ្មានលេខស្ថិតក្នុងភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ហេង ចាន់សុផល ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ (ពិការកជើង)មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះឈ្មោះ កែម គីរីវុទ្ធ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់រ៉ឺម៉កកង់បី មានទីលំនៅ ផ្ទះគ្មានលេខផ្លូវលំ ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមានឈើជ្រុងទំហំ៤ហ៊ុនគុណ៨ហ៊ុន ប្រវែង១,៣០ម៉ែត្រ ចំនួន ០១ដើម ។ ស្លាកស្នាម ដាច់រយះសាច់ស្លឹកត្រចៀកខាងឆ្វេងចំនួន ១កន្លែង ស្នាមដាច់រយះលើក្បាលផ្នែកខាងឆ្វេង និងផុងលលាដ៍ក្បាលចំនួន ១កន្លែង ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចុះពីលើម៉ូតូរ៉ឺម៉កកង់បីចម្ងាយប្រហែល៥០ម៉ែត្រ ដើរចុះមកផ្ទះពេលដើរដល់ពាក់កណ្តាលផ្លូវ ជនរងគ្រោះក៏បានរើសឈើជ្រុងទំហំ ៤ហ៊ុនគុណ៨ហ៊ុន ប្រវែង ១,៣០ម៉ែត្រ កាន់នឹងដៃរួចក៏ដើរមកផ្ទះបន្ត ពេលដើរមកដល់ជិតជនសង្ស័យ ស្រាប់តែជនសង្ស័យធ្វើសកម្មភាពឆក់យកឈើជ្រុងពីជនរងគ្រោះហើយធ្វើសកម្មភាពវាយទៅលើជនរងគ្រោះត្រូវចំក្បាលផ្នែកខាងឆ្វេង បណ្តាលឲ្យជនរងគ្រោះដួលនៅនឹងដី ហូរឈាមស្លាប់នៅនឹងកន្លែងកើតហេតុ ។ ក្រោយពីធ្វើសកម្មភាពរួមមកជនសង្ស័យក៏បានយកឈើជ្រុងទៅលាក់ទុកនៅក្រោមគ្រែ និងសម្ងំដេកនៅក្នុងផ្ទះ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីកើតហេតុរួចមក ប្រពន្ធជនរងគ្រោះ ក៏បានរាយការណ៍មកសមត្ថកិច្ច បន្ទាប់ពីទទួលបានព័ត៌មានរួចមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ក៏បានចុះទៅដល់ទីតាំងកើតហេតុ ព័ទ្ធខ្សែការពារកន្លែងកើតហេតុ និងរាយការណ៍មកកម្លាំងជំនាញ ផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកទីតាំងត្រួតពិនិត្យ និងឈានដល់ឃាត់ខ្លួនជនសង្ស័យតែម្តង ។

តាមការសន្និដ្ឋាន និងវាយតម្លៃការបំភ្លឺជុំវិញកន្លែងកើតហេតុ និងពិនិត្យជាក់ស្តែងរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងការពិនិត្យរបស់លោកឧកញ៉ាវិជ្ចបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ និងចម្លើយសារភាពរបស់ជនសង្ស័យករណីខាងលើនេះ ពិតជាករណីមនុស្សឃាត (យកឈើជ្រុងវាយឲ្យស្លាប់)ពិតប្រាកដមែន ។

បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ចំណែកជនសង្ស័យត្រូវបានកម្លាំងនគរបាលអធិការដ្ឋានក៏សាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖