ភ្នំពេញ៖ មុខសញ្ញាកាច់សោម៉ូតូម្នាក់ក្នុងចំណោម២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួន ដកហូតបានម៉ូតូសម្រាប់ជិះធ្វើសកម្មភាព១គ្រឿង និងសម្ភារកាច់សោកម៉ូតូផងដែរ ។
ករណីចាប់ខ្លួនមុខសញ្ញាកាច់សោ កម៉ូតូនេះបានកើតឡើងកាលពីថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០១៩ម៉ោង១១ និង០០នាទី នៅចំនុចភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះឈ្មោះសុខ បូរិទ្ធ ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១៤ ក្នុងបុរីប៉េងហួត ផ្លូវលេខP10 ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ ហេង ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះជួល ភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
លោកម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារព្រហ្មទណ្ឌបានអោយដឹងថា កាលពីថ្ងៃទី០៩-០៦-២០១៩ ម៉ោង១៤ និង៤០នាទីជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ១GM-២៥០៨ នៅចំណុចកើតហេតុ ដោយចាក់សោកម៉ូតូត្រឹមត្រូវ រួចចូលទៅសម្រាកក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យ២នាក់ ឈ្មោះហេង ចំរើន និង ឈ្មោះសុខ ល័ក្ខ ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ សេរី២០១៧ ពណ៌ខ្មៅស្លាកលេខ កំពង់ស្ពឺ ១I-៩៣៣២ មកឈប់ក្បែរម៉ូតូជនរងគ្រោះ រួចជនសង្ស័យឈ្មោះ ហេង ចំរើន យកដែកចុងស្រួចតភ្ជាប់កូនសោលេខ៨ ធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ រួចនាំគ្នាជិះគេចខ្លួនយកទៅលក់ឲ្យគេនៅខេត្តកំពង់ស្ពឺបានលុយ ៤៥០ដុល្លារ ចែកគ្នាស៊ីចាយអស់ ។
បន្ទាប់មកជនរងគ្រោះក៏ទៅឆែកកាមេរ៉ាសុវត្ថិភាពបុរីប៉េងហួតឃើញជនសង្ស័យទាំង២នាក់ខាងលើ ធ្វើសកម្មភាពលួចម៉ូតូ ក៏មកដាក់ពាក្យបណ្តឹងសមត្ថកិច្ច ។ លុះដល់ថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០១៩ ម៉ោង១១ និង០០នាទី ជនសង្ស័យទាំង០២នាក់ជិះម៉ូតូរបស់ខ្លួនម៉ាកខាងលើ មកបុរីប៉េងហួត រកលួចម៉ូតូម្តងទៀត ក៏ត្រូវបានសន្តិសុខបុរីប៉េងហួតឃើញ រាយការណ៍ប្រាប់សមត្ថកិច្ចដេញតាមជនសង្ស័យមកដល់ភូមិតាងៅក្រោម សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ក៏ធ្វើការឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះហេង ចំរើន ដកហូតម៉ូតូ០១គ្រឿង, ដែកចុងស្រួចតភ្ជាប់កូនសោលេខ៨មួយ និងមួក សុវត្ថិភាព០២ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ។ ចំណែកជនសង្ស័យឈ្មោះសុខ ល័ក្ខ រត់គេចខ្លួនបាត់ ៕ សណ្តោស