ខេត្តពោធិ៍សាត់៖ មន្រ្ដីបរិស្ថានឧទ្យានុរក្សស្នាក់ការរងទឹកវេរម្នាក់ រងរបួសក ហូរឈាមស្រោចខ្លួន ដូចគេអារកមាន់ នៅគ្រាដែលមន្រ្តីរូបនេះ ចុះបំពេញបេសកកម្ម ល្បាតព្រៃក្នុងភូមិសាស្រ្តរបស់ខ្លួន ។
ហេតុការណ៍មន្រ្ដីបរិស្ថានរងរបួសខាងលើ បានកើតឡើងនាព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅតំបន់ដែនជំរកសត្វព្រៃភ្នំសំកុស ត្រង់ចំណុចខ្នង ភ្នំម្រេះព្រៅ ស្ថិតក្នុងភូមិសាស្ត្រ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា មន្រ្ដីបរិស្ថានឧទ្យានុរក្សស្នាក់ការរងទឹកវេររងរបួស ត្រូវបានគេស្គាល់ឈ្មោះ ឃឿន ឃន ភេទប្រុស រងរបួសមុតចំក ហូរឈាមស្រោចខ្លួនយ៉ាងរន្ធត់ នៅគ្រាដែលមន្រ្តីរងរបួស និងក្រុមការងារចុះបំពេញបេសកកម្ម(ល្បាតព្រៃ) ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
ប្រភពដដែលបន្តទៀតថា ជនរងរបួស(ឃឿន ឃន)មន្រ្តីបរិស្ថាន របួសដោយសារឫស្សីឃ្លៃ(ព្រៃ)វ័ធចំ នៅគ្រាដែលខ្លួន និងក្រុមការងារជិះម៉ូតូចុះល្បាត ភ្លាមៗនោះ ហូរឈាមដូចគេអារកមាន់ ក្រុមការងារបានសង្រ្គោះជាបឋមដើម្បីទប់ឈាម ហើយបន្តបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពប្រម៉ោយ រួចបន្តទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ទោះជាយ៉ាងណាមិញ ក្រុមគ្រូពេទ្យ បានជួយសង្រ្គោះរួចផុតពីការប្រឈមធ្ងន់ធ្ងរហើយ ៕ ប៉ឹម ពិន