ព័ត៌មានទាន់ហេតុការណ៍៖

ខូចចិត្តរឿងប្តីលែងរហូតដល់ទៅពីរនាក់ ក៏ផឹកស្រារហូតខ្យល់គរស្លាប់ ក្នុងបន្ទប់ជួល ចោលកូនពីរនាក់ឲ្យនៅកំព្រា

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់បានដេកស្លាប់ក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅផ្លូវលេខ២៧ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩នឹង០០នាទី ព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩ ។

តាមសម្តីបុរសម្នាក់ត្រូវជាឪពុកបានប្រាប់ឲ្យដឹងថា សពស្ត្រីខាងលើមានឈ្មោះ ពន្លក ចិន្តា អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ គាត់បានបញ្ជាក់ថា កូនស្រីរបស់គាត់មានប្តីចំនួន២ នាក់ហើយបានលែងលះគ្នាទាំងពីរ ដោយបានបន្សល់ទុកកូនប្រុសតូច អាយុក្រោម៥ឆ្នាំចំនួនពីរនាក់រស់នៅជាមួយ ។ បន្ទាប់ពីលែងលះគ្នាជាមួយប្តីក្រោយហើយ នាងតែងតែដើរចេញពីផ្ទះដោយទុកកូនឲ្យនៅជាមួយតានិងយាយ ហើយនាងខូចចិត្ត និងរស់នៅមានភាពអាម៉ាស់ ទើបនាងបានសម្រេចមកជួលបន្ទប់ស្នាក់នៅ ត្រង់ចំណុចកើតហេតុនេះ រយះពេលជាង២ខែ ក៏កើតមានរឿងបែបនេះតែម្តង។

បើតាមសម្តីស្ត្រីជាម្ចាស់បន្ទប់ជួលបានរៀបរាប់ថា ស្ត្រីរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅតែម្នាក់ឯង បានចំនួនជាង២ខែហើយ ដោយនាងតែងតែទិញស្រាទៅផឹកក្នុងបន្ទប់ និងចេញទៅផឹកនៅខាងក្រៅ រហូតដល់ព្រឹក ថ្ងៃកើតហេតុនេះ មិនបានឃើញនាងចេញពីបន្ទប់ជួលជាន់ទី២ មកខាងក្រៅ ទើបគាត់ជាម្ចាស់ផ្ទះមានការសង្ស័យឡើងទៅមើល និងហៅ តែមិនបានបើកទ្វារ ក៏ឆ្ងល់ហើយហៅអ្នកបន្ទប់ក្បែរគ្នា មកគាស់ទ្វារមើលឃើញស្ត្រីរងគ្រោះដេកស្តុកស្តឹងស្លាប់បាត់បង់ជីវិតទៅហើយ ។ ភ្លាមៗនោះគាត់​បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យទៅលើសាកសពខាងលើ ។

ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម នគរបាលមូលដ្ឋានសហការជាមួយនគរបាលជំនាញចុះដល់ទីតាំងកើតហេតុ និងបានពិនិត្យទៅលើសពស្ត្រីខាងលើពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន នៅលើខ្លួនប្រាណសព គ្មានស្លាកស្នាមអ្វីទេ ជាពិសេសពេលនាងដេកស្លាប់ គឺទ្វារចាក់សោពីខាងក្នុង ។ ​

ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យចប់សព្វគ្រប់ សពខាងលើត្រូវបានសមត្ថកិច្ចធ្វើឯកសារប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ


ចែករំលែក៖