ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា “ក្នុងករណីមានមន្រ្តីរូបណា មិនទទួលពាក្យបណ្តឹង ឬប្រើពាក្យសំដីមិនសមរម្យ សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ ដើម្បីដឹងពីរឿងនេះ”។នេះបើតាមការអះអាងនៅក្នុងហ្វេសប៊ុកផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយឲ្យដឹងកាលពីព្រឹកថ្ងៃព្រហស្បតិ៍១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។ ក្នុងនោះដែរ នគរបាលរាជធានីភ្នំពេញក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ចផងដែរ ។
ក្នុងផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា “បើសិនជាបងប្អូនប្រជាពលរដ្ឋជួបបទល្មើសផ្សេងៗ ដូចជាករណី លួច ឆក់ ប្លន់ ជាដើម សូមបងប្អូនអញ្ជើញទៅដាក់ពាក្យបណ្តឹងនៅតាមប៉ុស្តិ៍នគរបាលនៃកន្លែងកើតហេតុ ដើម្បីងាយស្រួលដល់សមត្ថកិច្ចក្នុងការស្រាវជ្រាវរកមុខសញ្ញា និងចាប់ជនល្មើសមកដាក់ទោសតាមច្បាប់” ។ ក្នុងករណីណា មន្ត្រីរូបណា មិនទទួលពាក្យបណ្តឹងឬប្រពាក្យមិនសមរម្យ លោកអ្នកអាចចូលខមិនក្នុងផេកនេះបាន ។ យើងខ្ញុំរីករាយក្នុងការទទួល យកព័ត៌មានពិតពីបងប្អូនប្រជាពលរដ្ឋ ៕ ប្រាថ្នា