ខេត្តស្វាយរៀង៖ បុរសបុគ្គលិកពេទ្យម្នាក់ស្លាប់ ម្នាក់រងរបួសធ្ងន់ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូក្នុងស្ថានភាពស្រវឹងស្រា រេចង្កូតដួលបោក នឹងថ្មពេញទំហឹងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៤០នាទីព្រលប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតលើផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចភូមិដក់ពរ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា បុរសដែលស្លាប់ ឈ្មោះខឹម តុលា អាយុ២២ឆ្នាំ មុខរបរជាពេទ្យ រស់នៅភូមិទួលច្រេស ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។
ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ នូ សាវុធ អាយុ៣៤ឆ្នាំ មុខរបរពេទ្យ រស់នៅភូមិអណ្តូងខ្មត់ ឃុំសំបួរ ស្រុករមាសហែក រីឯម៉ូតូ ម៉ាកហុងដា C១២៥ ស៊េរី ឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត ១M.៦១១៧ ខូចខាតផ្នែកខាងមុខទាំងស្រុង ។
ប្រភពពីសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរស២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា C១២៥ ស៊េរី ឆ្នាំ2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត ១M.៦១១៧ ក្នុងទិសដៅពីត្បូងទៅជើងក្នុងស្ថានភាពទំនងជាស្រវឹងស្រាស្រាប់តែរេចង្កូតដួលបោក និងថ្នល់លាន់សូរប្រ៉ាវ ទើបបង្កការភ្ញាក់ផ្អើល នាំគ្នាចេញមកមើល និងជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែក ស្រុករមាសហែក ម្នាក់ឈ្មោះខឹម តុលា ដោយដួលបោកបាក់ឆ្អឹងជំនីខាងឆ្វេងធ្ងន់ពេក ក៏បានដាច់ខ្យល់ស្លាប់នៅនឹងកន្លែង ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានមកដល់វាស់វែង និងប្រគល់សពទៅឲ្យឪពុក ម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី និងអូសយកវត្ថុតាងមធ្យោបាយធ្វើដំណើរយកមករក្សាទុកនៅអធិការនរគបាល ស្រុករមាសហែកដើម្បីប្រគល់ឲ្យពេលក្រោយ៕ យឹម សុថាន