ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក-ចិន អាចនឹងមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម នោះឡើយនៅក្នុងកិច្ចប្រជុំ G-20 នៅជប៉ុន

ចែករំលែក៖

មកទល់ពេលនេះ អាមេរិក និងចិននៅមិនទាន់មានគម្រោង ជួបពិភាក្សាគ្នានៅឡើយទេ ខណៈកិច្ចប្រជុំកាន់តែខិតជិតមកដល់ ។ ក្នុងរយៈពេលមិនដល់៣សប្តាហ៍ទៀតប៉ុណ្ណោះ កិច្ចប្រជុំកំពូល G-20 នឹងរៀបចំឡើងនៅទីក្រុង Osaka ប្រទេសជប៉ុន ។ មកទល់ពេលនេះ អាមេរិក និងចិន មិនទាន់មានសកម្មភាព រៀបចំជំនួប រវាងលោកត្រាំ នឹងប្រធានាធិបតី ស៊ី ជីងពីន នៅឡើយទេ ។

សារព័ត៌មាន រ៉យទ័រ បានផ្សាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានបំណងចង់ជួបពិភាក្សាជាមួយ ប្រធានាធិបតីចិន លោកស៊ី ជីងពីន បន្ទាប់ពីកិច្ចប្រជុំ G-20 ធ្វើឡើងរយៈពេល ២ថ្ងៃគឺនៅថ្ងៃទី២៨ និង ២៩ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុង Osaka ប្រទេសជប៉ុន ។

កន្លងមក លោកត្រាំបានព្រមានថា ប្រសិនបើប្រធានាធិបតីចិន ស៊ី ជីងពីនមិនជួបពិភាក្សាជាមួយលោកបន្ទាប់ពីកិច្ចប្រជុំ G-20 នោះទេ លោកនឹងដំឡើងពន្ធ លើទំនិញនាំចូលពីចិនបន្ថែមទៀត ។

នៅពេលនេះភាគីទាំងពីរ មិនទាន់ រៀបចំសម្រាប់ជំនួប សម្រាប់ប្រធានាធិបតីទាំងពីរ នៅឡើយទេ ។ វិវាទពាណិជ្ជកម្ម រវាងអាមេរិក និងចិន បាន ធ្វើឲ្យក្រុមអ្នកវិនិយោគ នៅលើពិភពលោក រងការខាតបង់រាប់ ពាន់លានដុល្លារអាមេរិក ។

រដ្ឋាភិបាលចិន មិនបានខ្វល់ពីការដំឡើងពន្ធ ទៅលើទំនិញចិនទៀតឡើយ បើអាមេរិក ចង់ដំឡើងពន្ធ ច្រើនយ៉ាងណាក្តីក៏ចិនឈប់ខ្វល់ទៀតហើយ ។ រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងតបតវិញ សមស្របបំផុត ។

ពាក់ព័ន្ធនឹងវិវាទពាណិជ្ជកម្ម ខាងលើ លោក Wilbur Ross រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា កិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20) នៅចុង ខែនេះ អាចមានដំណើរវិវឌ្ឍឆ្ពោះទៅរកភាពរីកចម្រើនទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយប្រទេស ចិន ប៉ុន្តែកិច្ចប្រជុំនេះមិនមែនជាទីកន្លែងសម្រាប់ «កិច្ចព្រមព្រៀងជាក់លាក់» នោះទេ ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា លោក ស៊ី ជីងពីន ចង់បានកិច្ចព្រមព្រៀងមួយ «ខ្លាំងបំផុត» និងបាននិយាយម្ដងហើយ ម្ដងទៀតថា លោករំពឹងថា នឹងជួបជាមួយមេដឹកនាំចិន ក្នុងកិច្ចប្រជុំកំពូលនេះនៅជប៉ុន ។

លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅសេតវិមានថា៖ «ពួកគេនឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយពន្ធនាំចូលនេះ» ។ លោកបន្តថា៖ «យើងរំពឹងថា នឹងជួបជាមួយលោកប្រធានាធិបតី ស៊ី ឆាប់បំផុត ។ យើងគិតថា យើងនឹងជួបជាមួយគាត់នៅក្នុងកិច្ចប្រជុំ G20» ។

ការចរចារវាងទីក្រុងវ៉ាស៊ីនតោន នឹងទីក្រុងប៉េកាំង បានបរាជ័យនៅខែមុន បន្ទាប់ពីលោក ត្រាំ បានចោទប្រកាន់ប្រទេស ចិន ពីបទមិនគោរពតាមការប្ដេជ្ញាចិត្ត ។

លោក ត្រាំ បានថ្លែងថា៖ «មើលនែ! យើងមានកិច្ចព្រមព្រៀងមួយជាមួយប្រទេស ចិន បន្ទាប់មក ពួកគេបានដកថយចេញពីកិច្ចព្រមព្រៀងនេះវិញ» ។ លោកបន្តថា៖ «លុះត្រាតែពួកគេវិលមករកកិច្ចព្រមព្រៀងនោះ បើមិនអ៊ីចឹងខ្ញុំមិនចាប់អារម្មណ៍នោះទេ» ។

ប្រទេសទាំង ២ បានវាយប្រហារគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងពន្ធនាំចូលដ៏ខ្ពស់លើពាណិជ្ជកម្មទ្វេភាគីដែលមានតម្លៃជាង ៣៦០ ពាន់លានដុល្លារ ។

ការជាប់គាំងនេះបានបង្កើនក្ដីសង្ឃឹមថា នៅក្រៅជំនួបកិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំរបស់ G20 លោក ស៊ី និងលោក ត្រាំ អាចជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយភាពជាប់គាំងនេះ ។ ប៉ុន្តែលោក Ross បានកាត់បន្ថយក្ដីរំពឹងថានឹងសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយមួយ ។ លោក Ross ប្រាប់សារព័ត៌មាន CNBC ថា៖ «ក្នុងកិច្ចប្រជុំកំពូល G20 យ៉ាងច្រើនបំផុតវានឹងជាប្រភេទកិច្ចព្រមព្រៀងសម្រាប់ការដើរឆ្ពោះទៅមុខមួយ ។ ច្បាស់លាស់វានឹងមិនមែនជាកិច្ចព្រមព្រៀងជាក់លាក់មួយនោះទេ» ។

ប៉ុន្តែលោកឲ្យដឹងថា នៅទីបំផុតនឹងមានកិច្ចព្រមព្រៀងមួយ ។ លោកបញ្ជាក់ថា៖ «ទោះបីជាសង្គ្រាមបាញ់គ្នា ក៏វាបានបញ្ចប់ដោយសារការចរចាដែរ» ។

កន្លងមក លោក ដូណាល់ ត្រាំ បាននិយាយក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី “Squawk Box” របស់ស្ថានីយ៍ទូរទស្សន៍ CNBCថា បើសិនលោក ស៊ី ជីងពីន មិនជួបជាមួយលោកនៅឯវេទិកាសេដ្ឋកិច្ច G20 ក្នុងទីក្រុងអូសាកាប្រទេសជប៉ុនទេនោះ ការដំឡើងពន្ធបន្ថែមទៀតរបស់អាមេរិក លើទំនិញនាំចេញរបស់ចិននឹងអាចចូលជាធរមាន បើទោះជាលោករំពឹងថា លោក ស៊ី ជីងពីន នឹងអញ្ជើញចូលរួមក៏ដោយ ។ រដ្ឋាភិបាលចិនពុំបានបញ្ជាក់ទេកាលពីថ្ងៃអង្គារថា ជំនួបនេះនឹងកើតឡើង ឬយ៉ាងណានោះទេ ។ លោក ដូណាល់ ត្រាំ បានដំឡើងពន្ធចំនួន ២៥ % លើមុខទំនិញនាំចេញរបស់ចិនក្នុងទំហំទឹកប្រាក់ ២៥០ពាន់លានដុល្លារ ហើយកំពុងត្រៀមដំឡើងពន្ធដែលមានទំហំទឹកប្រាក់ ៣០០ពាន់លានដុល្លារទៀត ។ ទីក្រុងប៉េកាំងបានវាយបកដោយការបង្កើន ការដំឡើងពន្ធសងសឹកតបវិញ ។

ក្នុងអំឡុងកិច្ចសម្ភាសន៍នោះ លោកប្រធានាធិបតីក៏បានគំរាមផងដែរថា នឹងធ្វើអ្វីម្យ៉ាងពាក់ព័ន្ធនឹងតម្លៃខ្ពស់ សម្រាប់ការនាំចេញស្រារបស់អាមេរិកចូលទៅប្រទេសបារាំង ។ លោកប្រធានាធិបតីបញ្ជាក់ថា ប្រទេសបារាំងគិតតម្លៃពីស្រារបស់យើងក្នុងតម្លៃខ្ពស់ណាស់ ប៉ុន្តែយើងវិញគិតតម្លៃទាបបំផុត សម្រាប់ស្រាទំពាំងបាយជូររបស់ប្រទេសបារាំង ៕


ចែករំលែក៖